ចុំ!! ភិន សុដាលីស សុខចិត្ដទម្លាក់តំណែងខ្លួនឯងរហូតក្លាយជាស្រីកំណាន់គេ?

អាចនិយាយបានថា ជាប្រវត្ដិសាស្រ្តដំបូងនៃការសម្ដែងរបស់កញ្ញា​​​ ភិន សុដាលីស តួឯកស្រីប្រចាំផលិតកម្មមហាហង្សហើយ ដែលនាងសុខចិត្ដទទួលយកការសម្ដែងជាតួរង។ ជាក់ស្ដែងនៅក្នុងរឿងថ្មីដែលមានចំណងជើងថា «កាំបិតមុខ2» ជារឿងភាគរបស់ស្ថានីយទូរទស្សន៍PNN និងជាវណ្ណកម្មថ្មីរបស់មហាហង្សត្រូវបានផលិតករជាឪពុកបង្កើតជ្រើសរើសនាងធ្វើជាតួរងបន្ទាប់ពីអ្នកនាង កែវ ស្រីនាង វិញម្ដង។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះថែមទាំងត្រូវមកទទួលតំណែងជាស្រីកំណាន់ចិត្ដរបស់តួប្រុស គឺលោក អូន ឧស្សាហ៍ ទៀតផង។

កញ្ញា ភិន សុដាលីស បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា នេះជាលើកទីមួយហើយដែលនាងបានមកសម្ដែងជាតួរង ប៉ុន្ដែមិនថ្វីទេ តំណែងមួយនេះមិនបានធ្វើឱ្យប៉ះទង្គិចផ្លូវចិត្ដនាងឡើយ ព្រោះតួស្រីក៏ជាតារាជើងចាស់ធ្លាប់សម្ដែងជាយូរគ្នាមកហើយដែរ។ នាងនិយាយថា «ខ្ញុំមិនមានអារម្មណ៍អន់ចិត្ដអីផង ព្រោះទោះបីជាខ្ញុំតួរងមែន ប៉ុន្ដែបងកែវ ស្រីនាង ជាតារាសម្ដែងជើងចាស់ អាចនិយាយបានថា គាត់ជាIdol របស់ខ្ញុំផង។ អ៊ីចឹងដូចជាមិនមានអ្វីខុសឆ្គងទេ គ្រាន់តែថាចាប់តាំងពីខ្ញុំចាប់យកអាជីពសម្ដែងជាច្រើនឆ្នាំមកនេះ ខ្ញុំគឺជាតួឯករហូត»។

អូហូ! មិនមែនថា មិនអីនោះទេ ទោះបីជានាងបាននិយាយថា នាងសប្បាយចិត្ដពេលបានធ្វើជាតួរងរបស់Idolខ្លួននៅក្នុងរឿង«កាំបិតមុខ2»នេះក៏ដោយ ក៏នាងបានប្រាប់ដែរថា ការទទួលយកការសម្ដែងនៅក្នុងរឿងមួយនេះ មិនប្រាកដថាអ្នកដឹកនាំរឿងដាក់ឱ្យសម្ដែងជាតួរងតារាសិល្បៈមានវ័យស្រករនាងឡើយ ពោលគឺមានលក្ខខណ្ឌ។ កូនស្រីផលិតកររូ​បនេះបានបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនឱ្យខ្ញុំធ្វើជាតួរងរបស់រៀមច្បង ឬIdolរបស់ខ្ញុំ ដូចជាបង កែវ ស្រីនាង មិនអីទេ ប៉ុន្ដែបើឱ្យខ្ញុំរងតារាសម្ដែងស្រករគ្នាគឺ គិតមើលសិន។ ដោយសារតែខ្ញុំត្រូវមើលថា តួរងនៅក្នុងសាច់រឿងដែលខ្ញុំត្រូវកាន់ មានរ៉ូលលេងឬទេ? ឈុតឆាកនោះអាចនឹងទាក់ទាញដល់មហាជនឬទេ?។​ ទាំងនេះហើយជាលក្ខខណ្ឌដែលខ្ញុំត្រូវគិត»។

សូមជម្រាបបន្ថែមថា ដ្បិតអីកញ្ញា ភិន សុដាលីស ទទួលតំណែងជាតួរងពិតមែន តែនៅក្នុងរឿង«កាំបិតមុខ2» នេះទំនងមើលទៅនាងដូចជាសម្រិតសម្រាំងសមត្ថភាពខ្លាំងណាស់ ទាំងអារម្មណ៍ និងរូបរាងកាយ ព្រោះថា មុននេះនាងបានរត់ទៅបូមខ្លាញ់ដើមដៃ និងក្បាលពោះធ្វើយ៉ាងណាដើម្បីឱ្យមានរូបសម្រស់ស្រស់ស្អាត ឱ្យស៊ីទៅនឹងសាច់រឿងដែលនាងបានក្លាយជាស្រីកំណាន់ចិត្ដរបស់គេហ្នឹងឯង៕

 

Advertisement