ឯម រៀម៖ «ខ្លាចហើយ រាងហើយ សង្គមសិល្បៈខ្មែរ»

បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់តារាចម្រៀងពីរដួង គឺលោក ម៉ៃ សុគន្ធ និងតារាចម្រៀងរ៉េប លោក អាចារ្យធំ ចំពោះរឿងមកុដអប្សរាដែលគ្រងនៅលើក្បាលមនុស្សប្រុស និងការអះអាងបកស្រាយថា មានអប្សរាប្រុស នៅលើសរសរពេជ្រប្រាសាទបាយ័ន ដែលលោក ឯម រៀម ចេញនិយាយតបតនៅលើហ្វេសប៊ុកនោះ ប្រធានបទដ៏ក្ដៅគគុកមួយនេះ នៅតែមានរឿងរ៉ាវធ្វើឱ្យមហាជនចាប់អារម្មណ៍មិនទាន់ចប់នៅឡើយ។

ថ្មីៗនេះ លោក ឯម រៀម បានស៊ែរព័ត៌មានដែលបានចេញផ្សាយពីតារាពីរដួងខាងលើនេះ ដោយបានបញ្ចេញមតិប្រតិកម្មចំពោះការច្នៃម៉ូដរបស់លោកថា «ខ្លាចហើយ រាងហើយ សង្គមសិល្បៈខ្មែរ មិនជួយលើកទឹកចិត្ត បែរជាខំ share រូបភាព និងផ្ញើសារជាសំឡេង សើច ចំអក ឡកឡាយ។ នៅពីមុខយើងធ្វើជាស្និទ្ធស្នាល ឱបរឹត។ មកុដអប្សរានៅតែជាមកុដអប្សរា ព្រោះតែគោរព និងស្រឡាញ់ទើបទិញយកមកប្រើ ហើយក៏គ្មានច្បាប់ណាចែងថា មិនឱ្យមនុស្សប្រុសពាក់ដែរ?!»។

គួររំឭកផងដែរថា ​លោក ម៉ៃ សុគន្ធ បាន​លើកឡើងថា ​បកស្រាយ​លើក​នេះ​បណ្ឌិត​ម្នាក់នេះ​ឆ្កួត​ហើយ​ អប្សរា​មាន​ 2 ភេទ​។​ លោក​បណ្ឌិត​ឆ្កួត ​បំពុល​កូន​ខ្មែ​រ បោក​គេ​ទៀតហើយ ​លោក​បណ្ឌិត​ស្រាវជ្រាវ​មកពីណា​ លោកបណ្ឌិត​ស្គាល់​ប្រភេទ​ចម្លាក់​អស់ទេ? ចម្លាក់​វា​មាន​ 3​ប្រភេទ ​លោក​យល់ច្រឡំ​លើ​ច​ម្លា​ក់លិបហើយ ​អប្សរា​គ្មាន​ប្រុស​ទេ អប្សរា​កើតចេញ​មកពីណា?​ ម៉េច​បានជា​ចេញ​ជា​ប្រុស​កើត​លោកបណ្ឌិត? ហើយ​លោក​បណ្ឌិត​ណាមួយ​ចម្លាក់​ខ្លះ​រង​សំណឹក​ និង​បរិយាកាស​ទើបមើល​ឃើញ​បែបនោះ​)​។ សូម​ក្រសួង​វប្បធម៌​ក្រឡេក​មើល​បណ្ឌិត​ម្នាក់​នោះបកស្រាយ​ផង ​គាត់​ថា​ មាន​អប្សរា​ឈ្មោល អ៊ី​ចឹ​ង​អប្សរា​ឈ្មោល​កើត​ពី​ពេលណា​?​ កើត​ពី​ការ​កូរសមុទ្រទឹក​លិង្គ​មែន​? ​បើ​អប្សរា​ស្រី​កើត​ពី​ការ​កូរ​សមុទ្រ​ទឹកដោះ។​ ស៊ែរ​អោយ​គាត់​ភ្លឺ​ខួរ​ផង ​(​អប្សរា​គឺស្រី​សួគ៌ រាំ​របាំ​ថ្វាយ​អស់​ទេវតា ​និង​ព្រះឥន្ទ្រ អ៊ីចឹ​ងអប្សរា​ឈ្មោល​រាំ​ថ្វាយ​ព្រះឥន្ទ្រ​ដែរ​មែន​?​ ចម្លាក់ខ្មែរ​ចែកជា​ 3​ប្រភេទ​ណា។​ Share​ ផង​ឱ្យ​បណ្ឌិត​មួយ​នេះ​ឈប់​ឆ្កួត​ និង​វង្វេង​វប្បធម៌ ហើយ​បំផ្លាញ​វប្បធម៌​ខ្លួនឯង​។

រីឯលោកអាចារ្យធំវិញក៏បានរិះគន់កន្លងទៅដែរថា « ​អប្សរ​ ​អប្សរា​ ​អច្ឆរា​ ​អត់​មាន​ប្រុស​ទេ​ទាន! វចនានុក្រម​ ជួន ​ណាត ​អប្សរ (​អ័​ប​-​ប្ស​) នាម​សព្ទ ( សំ​. អប្សរ​ស៑​, អប្សរា​; បា​. អច្ឆរា “​ស្ត្រី​មាន​សម្បុរ​ថ្លា​ស្រស់​ ផូរផង់ ​ឬ​ស្ត្រី​មានមុខ​ថ្លា​ស្រស់​បំព្រង​” ) ស្ត្រីសួគ៌​។​ ស្រី​អប្សរ​ ស្រី​ទេពអប្សរ​ ​នាង​អប្សរ។​ តាម​សេចក្ដី​តំណាល​ក្នុង​គម្ពីរ​ព្រាហ្មណ៍​ថា ស្ត្រី​សួគ៌​មួយ​ដែល​ផុស​ឡើង​អំពី​ទឹក​ក្នុង​កាលដែល​កូរទឹក​អម្រឹត​។​ អាចារ្យធំ បាន​បន្ត​ភ្ជាប់​ជាមួយ​ការ Live​ វីដេអូ​ទៀតថា ​ខ្មែរ​ប្រើ​ក្លាយជា​អក្សរ​ក៏មាន​ស្រី​អក្សរ​ ស្រី​ទេពអក្សរ​បវរកញ្ញា ​(គួរ​លើកលែង​ប្រើ ត្រូវ​ប្រើអប្សរ ឬអប្សរា​ អច្ឆរាវិញ)​។​អប្សរទេពី ឬទេវី ( ព​. ប្រ​. ) ទេពី ​ឬទេ​វី​មាន​លម្អ​ដូច​ស្រី​អប្សរ ឬក៏​ដូច​អប្សរា»។

យ៉ាងណាមិញ លោក ឯម រៀម ក៏បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកនៅតែបន្ដរក្សាគោលជំហរបង្កើតស្នាដៃម៉ូដសហសម័យដដែល បើទោះបីជារងការរិះគន់យ៉ាងណាក្ដី។ លោកក៏បានបញ្ជាក់ដែរថា «មកទល់ពេលនេះ លោកសុខចិត្តចាញ់ និងទទួលស្គាល់ថា ខ្ញុំជាមនុស្សល្ងង់សិនចុះ គឺដើម្បីឈ្នះពេលក្រោយវិញ »៕

 

Advertisement