ឆៃលី ដាឡែន ក្តាប់បានតំណែងតួជំទាវក្នុងកុនភាគពីររឿង

ភ្នំពេញៈ ចាប់តាំងពីចូលនឹមអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមី ដែលជាតារាសម្តែងប្រុសក្មេងជាងខ្លួនមក ឃើញថាទីផ្សារតារាចម្រៀងស្រីដែលធ្លាប់ផ្ទុះនូវរូបភាពបែបសិចស៊ីខ្លាំង រហូតដល់មានការព្រមានពីក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន ប្រជាប្រិយភាពអ្នកនាង ឆៃលី ដាឡែន បានធ្លាក់ចុះជាលំដាប់ តែបែរជាមកកាក់កបខ្លាំងនឹងជំនាញជាជំហានទីពីរនៃវិស័យសិល្បៈទៅវិញ នោះគឺការសម្តែងភាពយន្ត។


ថ្លែងប្រាប់ពេលសម្រាកខណៈនាងកំពុងថតកុនភាគថ្មីឲ្យផលិតកម្មចក្រវាឡពេជ្រ អ្នកនាង ឆៃលី ដាឡែន បានឲ្យ ឡារ៉ែន ដឹងពីភាពជោគជ័យលើវិស័យភាពយន្តថា៖ «សព្វថ្ងៃ វ័យជ្រេបន្តិចហើយខាងវិស័យចម្រៀង ដូច្នេះមិនសូវកាក់កបទេ។ តែសម្រាប់ការថតកុនវិញ នាងខ្ញុំចេះតែមានការទាក់ទងពីផលិតកម្មមួយទៅផលិតកម្មមួយមិនសូវជាដាច់ទេ។ បន្ទាប់ពីថតចប់រឿង «សសរកន្លោង» មក នាងខ្ញុំក៏ចាប់បានឱកាសថតកុនភាគចំនួនពីរទៀត ដែលសព្វថ្ងៃកំពុងតែថតនៅឡើយ។ កុនទីមួយគឺរឿង «ចម្ការម្លប់ស្នេហ៍» របស់ផលិតកម្មទូរទស្សន៍បុស្តិ៍លេខ៥ ដែលនាងខ្ញុំសម្តែងជាតួម្តាយមានឋានៈជាជំទាវមានកលល្បិចច្រើននិយាយឲ្យចំ គឺតួជំទាវចិត្តអាក្រក់។ ចំណែកកុនភាគទី២ គឺរឿង «ផ្កាព្រៃស្រទាប់មាស» ថតឲ្យផលិតកម្មចក្រវាឡពេជ្រ ដោយនាងខ្ញុំសម្តែងជាតួម្តាយមានឋានៈជំទាវដែរ តែជាតួជំទាវស្លូតបូតមានចិត្តល្អទៅវិញ»។

គួរបញ្ជាក់ថាតារាចម្រៀងយេយេធ្លាប់តែបញ្ចេញគល់សុដន់ទ្រលុកទ្រលន់រងនូវពាក្យរិះគន់ពីទង្វើជ្រុលជ្រួសលើប្រពៃណីវប្បធម៌ចំពោះការស្លៀកពាក់ស្ទើរចំហល្វែងលើគ្រាទៅសម្តែងនៅទឹកដីមហាអំណាចអាមេរិក អ្នកនាង ឆៃលី ដាឡែន បានសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់ខ្លួនដោយបានចូលរោងការជាមួយនឹងកំលោះតារាម៉ូដែល លោក រិទ្ធី ឧត្តមស៊ីដារ៉ា មានវ័យក្រោមខ្លួន ១០ ឆ្នាំនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នៅឯទឹកដីកំណើតរបស់នាង គឺខេត្តបាត់ដំបង៕

Advertisement