តារាសម្ដែង រ៉ូហ្សា ប្ដូរស្តាយល៍មកជាតារាចម្រៀងនិពន្ធថ្មី មានសម្ទុះនឹកស្មានមិនដល់

ទើបតែចូលប្រឡូកសិល្បៈបានជិតមួយឆ្នាំប៉ុណ្ណោះកញ្ញា រ៉ូហ្សា ដែលជាកូនអ្នកជនបទហាក់មានយីអ៊ុនលោតឡើងខ្ពស់តែម្ដង ដោយនាងទទួលបានការសម្ដែងសុទ្ធតែបទមេៗរបស់តារាចម្រៀងល្បីៗនៅក្នុងផលិតកម្មសាន់ដេ ដូចជាលោកឆាយ វីរៈយុទ្ធ និងកញ្ញាសុខ ពិសី ជាដើម។ លើសពីនេះនាងក៏បានប្រឹងប្រែងវិវឌ្ឍខ្លួនទៅជាតារាចម្រៀងក្នុងផលិតកម្មថ្មីមួយឈ្មោះថា One Entertainment Production ផងដែរ។

ប្រិយមិត្ដរបស់លោក ឆាយ វីរៈយុទ្ធ និងកញ្ញា សុខ ពិសី ប្រាកដជាធ្លាប់បានឃើញការសម្ដែងរបស់កញ្ញា រ៉ូហ្សា នៅក្នុងបទ«ដឹកឆ្កែទៅលេងស្រុក» និង«បំភ្លេចពាក្យបែកបានទេ»ជាក់ជាមិនខាន។ ទោះបីជានាងជាតារាសម្ដែងថោ្មងថ្មីមែន ប៉ុន្ដែទេពកោសល្យសម្ដែងរបស់នាងមិនជាចាញ់តារារៀមច្បងប៉ុន្មានឡើយ។ ពិសេសភាពក្លាហានក្នុងការសម្ដែងជាមួយតារាចម្រៀងជើងចាស់តែម្ដង។ ជួបជាមួយកញ្ញា អែម ស្រីអូន ហៅកញ្ញា រ៉ូហ្សា នាងបានប្រាប់ថា ទោះបីនាងជាកូនអ្នកជនបទរស់នៅខេត្ដព្រៃវែងក៏ពិតមែន តែនាងមានចិត្ដស្រឡាញ់សិល្បៈតាំងពីក្មេងមកម្ល៉េះ។ នាងបន្ដថា ទើបតែចូលមកឆ្នាំ2018 នេះទេដែលនាងមានឱកាសបានចូលប្រឡូកសិល្បៈ។

ដោយមើលឃើញពីទេពកោសល្យថានាងអាចទៅរួច អ្នកដឹកនាំក៏តម្រូវឱ្យនាងសម្ដែងសុទ្ធតែជាបទកំពូលៗរបស់តារាចម្រៀងល្បីនៅក្នុងផលិតកម្ម សាន់ដេ។ កញ្ញា រ៉ូហ្សា បន្ថែមអាជីពថ្មីមួយពីការសម្ដែង ដោយមានការលើកទឹកចិត្ដពីមិត្ដភ័ក្ដិក្នុងសិល្បៈផងនោះ នាងក៏បានសម្រេចចិត្ដបោះជំហានមួយទៀត ដើម្បីក្លាយជាតារាចម្រៀង Original Song បទដែលទើបតែចេញចំណងជើងថា «រង់ចាំមនុស្សម្នាក់»។ តារាសម្ដែង និងចម្រៀងថ្មោងថ្មីរូបនេះបានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា «ខ្ញុំដឹងថា ការចេញបទចម្រៀងជាលើកដំបូងនេះ នៅមានចំណុចខ្វះខាត ប៉ុន្ដែចាត់ទុកថា ជាការបង្ហាញសមត្ថភាពទៅកាន់មហាជនដើម្បីឱ្យពួកគាត់ស្ថាបនាមកវិញ ដើម្បីងាយស្រួលខ្ញុំដុសខាត់សមត្ថភាពខ្លួនបន្ថែមទៀត។ ខ្ញុំគិតថា មនុស្សយើងគ្មាននរណាម្នាក់ធ្វើបានល្អទាំងស្រុងទេ ពិសេសនៅពេលចេញដំណើរតែម្ដង ដូច្នេះខ្ញុំសុខចិត្ដទទួលយករាល់ការរិះគន់ទាំងអស់របស់បងប្អូនដើម្បីអភិវឌ្ឍខ្លួនឱ្យបានល្អទៅអនាគត»។

គួរបញ្ជាក់ផងដែរថា ទោះជាបទថ្មីនេះ នាងមិនទាន់បានបង្ហាញពីសមត្ថភាពគ្រប់ជ្រុងជ្រោយក្នុងសិល្បៈក៏ពិតមែន ប៉ុន្ដែមានមិត្ដភ័ក្ដិជាច្រើន ដែលបានស្គាល់នាងបានលើកសរសើរពីទេពកោសល្យ និងទឹកចិត្ដក្លាហានរបស់នាងដែលហ៊ានប្រឈមការពិត មិនបោះបង់ចោលនូវទេពកោសល្យពីកំណើត។ គ្រាដែលមានតារាសិល្បៈជាច្រើនបានចូលប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំហើយនៅតែពុំមានការអភិវឌ្ឍ។  យ៉ាងណាក្ដី កញ្ញា រ៉ូហ្សា បានអះអាងថា នាងនឹងក្រាលននាលជាមួយសិល្បៈមិនរាថយឡើយ ខណៈនាងមានហាងសាឡនមួយឈ្មោះថា រ៉ូហ្សា សាឡន ដើម្បីបង្កើតប្រាក់ចំណូលទប់ទល់ក្នុងជីវភាពសិល្បៈបន្ថែមផងដែរ៕

Advertisement