ប៊ុត សីហា គ្រោងចេញបទចម្រៀងនិពន្ធថ្មី ដែលនិយាយរៀបរាប់សុំទោសអ្នកមានគុណ

ក្រោយពីស្ងប់ស្ងាត់រឿងអាស្រូវពាក់ព័ន្ធជាមួយគ្រឿងញៀនមួយរយៈពេលមក តារាចម្រៀងប្រុសលោក ប៊ុត សីហា បានរៀបចំបង្កើតបទចម្រៀងនិពន្ធថ្មី ដែលជាស្នាដៃរបស់លោកផ្ទាល់ ជូនប្រិយមិត្តអ្នកគាំទ្រលោកបានស្ដាប់ និងយល់ពីអារម្មណ៍របស់លោក បន្ទាប់ពីកើតមានរឿងមិនល្អកន្លងមក។

ម្ចាស់កម្មវិធីប្រលងចម្រៀង The Voice Cambodia រដូវកាលទី 1 រូបនេះ មិនបានបញ្ជាក់ប្រាប់ពីចំណងជើងនៃបទចម្រៀងនៅឡើយ តែបើតាមការស្ដាប់ពីអត្ថន័យចម្រៀងខ្លីៗនៅក្នុងវីដេអូដែលលោកបានបង្ហោះនោះ បានសឱ្យដឹងថា ជីវិតរបស់លោកមានវិប្បដិសារីយ៉ាងខ្លាំង ដែលបានប្រព្រឹត្តចំពោះអ្នកមានគុណ ហើយលោកបានពោលសុំទោសចំពោះអ្នកម្ដាយ និងវិញ្ញាណក្ខន្ធរបស់លោកឪពុកដែលបានចែកឋានទៅហើយ។ លោក សីហា បានសរសេរខ្លីៗមួយ ប្រាប់ទៅអ្នកគាំទ្រលោកថា « នេះជាបទរបស់ខ្ញុំបាទទំនុកថ្មីតែ….អីចឹងពេលហើយអស់ខ្ញុំនិងផុសឲ្យពេញ ហើយនិងថត MV ពីបទនេះ។ ៥ថ្ងៃទៀតទើបខ្ញុំអាចចេញបទថ្មីភ្លេងស្នាដៃថ្មី អីចឹងជួយគ្រាំទ្រផងពុកម៉ែបងប្អូន។ ខ្ញុំចេញកំដរបងប្អូនស្តាប់កម្សន្តគ្រាន់និងនឹកខ្ញុំ »។

គួរកត់សម្គាល់ផងដែរថា វីដេអូចម្រៀងខ្លីនេះ បង្ហោះមិនទាន់បានប៉ុន្មានផង ក៏មានសន្ទុះអ្នកទស្សនាដល់ទៅ 18 ពាន់នាក់ទៅហើយ នេះក៏ជាទឹកចិត្តមួយធ្វើឲ្យតារាចម្រៀងប្រុសរូបនេះមានកម្លាំងចិត្តនិងតស៊ូឡើងវិញមិនអស់សង្ឃឹមដូចមុន។ អ្នកគាំទ្រជាច្រើននាក់ ភាគច្រើនសុទ្ធតែពោលពាក្យលើកទឹកចិត្ត សីហា ថា « មិនអីទេ idol ត្រូវតស៊ូបន្តទៀតណា កុំចុះចាញ់និងបញ្ហា ព្រោះបញ្ហាជាឱកាសមួយ ដែលអាចធ្វើឲ្យយើងឈ្ពោះទៅរកភាពជោគជ័យបាន ស៊ូៗ..»។

គួររំឭកផងដែរថា នៅគ្រាកើតរឿងពាក់ព័ន្ធជាមួយករណីគ្រឿងញៀន រឿងអាស្រូវនេះបានធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះជាខ្លាំង ហើយបាត់បង់ឱកាសទៅសម្ដែងនៅឯសហរដ្ឋអាមេរិក ដោយស្ថានទូត​អាមេរិកប្រចាំប្រទេសកម្ពុជាដើម្បីស្នើសុំទិដ្ឋាការ (Visa) ទៅសម្ដែងនៅនោះតែម្ដង។ រីឯខាងផលិតកម្មហង្សមាសវិញ ក៏បានប្រកាសនិងអះអាងដែលថា ខាងផលិតកម្មមិនអាចទទួលយករូបលោកឱ្យច្រៀងក្នុងផលិតកម្មបន្ដទៀតបានទេ៕

Advertisement