កញ្ញា ម៉ាក់ សែនសូនីតា គ្រោងបើកសាខាហាង «ផែសមុទ្រ»បន្ថែមឱ្យគ្រប់ទាំង 12 ខណ្ឌ

ថ្មីៗនេះថៅកែស្រីរាងតូចច្រឡឹងម្ចាស់ហាង «ផែសមុទ្រ» កញ្ញា ម៉ាក់ សែនសូនីតា ទើបតែបើកដំណើរការសាខាហាងទី 3 របស់ខ្លួននៅម្ដុំផ្លូវព្រះមុនីវង្ស បន្ទាប់ពីបានជោគជ័យពីសាខានៅតាខ្មៅ និងខាងក្រោយសណ្ឋាគារ Le President រួចមក។ មួយរយៈចុងក្រោយនេះ សង្កេតឃើញតារាស្រីរូបនេះកាន់តែទទួលបានការងារសិល្បៈច្រើនឡើង ជាពិសេសក្នុងការថតរឿង “កូនពស់កេងកង” ហើយមុខរបររកស៊ីវិញ ក៏កាន់តែរីកចម្រើនធំៗឡើងៗ ដោយសារតែមានការគាំទ្រពីសំណាក់អតិថិន ពោលគឺយីអ៊ុនឡើងក្រឺតៗមែនទែន។

បើតាមការបង្ហើបប្រាប់ពីប្រភពស្និទ្ធស្នាលនឹង សូនីតា បានឱ្យដឹងថា នាងមានគម្រោងបើកសាខាទី 4 បន្ថែមទៀតដែលមានទីតាំងនៅម្ដុំផ្សារកាប់គោ តែដោយឡែកដោយសារតែ​នាងមានភាពមមាញឹកក្នុងការសម្រុកថតរឿងឱ្យស្ថានីយទូរទស្សន៍ហង្សមាស «កូនពស់កេងកង» ដែលបានគ្រងតំណែងជាតួឯកស្រីនោះ ទើបបណ្ដាលឱ្យនាងខកខាន និងរកថ្ងៃខែថ្មី ដើម្បីត្រៀមសម្ពោធសាខាថ្មីខាងលើ។ កន្លងមកតារាស្រីរូបនេះក៏ធ្លាប់បានបង្ហើបប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ដែរថា នាងគ្រោងពង្រីកសាខាហាង «ផែសមុទ្រ» ឱ្យបានគ្រប់ទាំង 12ខណ្ឌនៅក្នុងរាជធានីភ្នំពេញឱ្យបាន។

គួរបញ្ជាក់ផងដែរថា ម៉ាក់ សែនសូនីតា បានចាប់ដៃម្ចាស់ផលិតកម្ម «អង្គរភីកឈ័រ»គឺ លោក ប៉ុល វិបូរ ទាំងការរកស៊ីធំៗនិងរឿងស្នេហា ហើយនាងក៏ធ្លាប់បង្ហើបឱ្យដឹងដែរថា​នាង​ មិនទាន់គិតគូររឿងរៀបការនៅឡើយទេ។ តារាស្រីរូបនេះក្លាយជាថៅកែស្រីទាំងវ័យក្មេង មាន​លុយច្រើន ហើយពេលនេះនាងជិះរថយន្ដ​ទំនើប​ Lexus Ls 570 ស៊េរីឆ្នាំ2017 ដែលមានតម្លៃរាប់ម៉ឺនដុល្លារ៕

Advertisement