មូលហេតុ ៣យ៉ាង ដែលជំរុញឲ្យ ខាត់ សុឃីម ចង់បានកូនភ្លោះឆ្នាំ «ច»

ភ្នំពេញៈ តារាចម្រៀងស្រី ចេះកំប្លុកកំប្លែងមានទេពកោសល្យច្រើនស្ទីល នៅក្នុងវិស័យសិល្បៈទាំងប្រពៃណី និងទំនើបសម័យ អ្នកនាង ខាត់ សុឃីម ជារៀមច្បងត្រកូលខាត់ ដែលបច្ចុប្បន្នកំពុងតែកាក់កបខ្លាំងនឹងអាជីពសិល្បៈ និងអាជីវកម្មផ្ទាល់ខ្លួនផងនោះ ស្រាប់តែប្រកាសក្តែងៗថា ចង់បានកូនច្រើនសម្រាប់បង្កើនសមាជិកគ្រួសារខ្លួនទៅថ្ងៃខាងមុខ។

ការស់នៅក្នុងសង្គមនាសម័យទំនើបនេះ ជាពិសេសចំពោះសង្គមក្រុមគ្រួសារដែល មានជីវភាពមធ្យមឡើងទៅ មិនសូវប្រាថ្នាចង់បានកូនចៅច្រើនឡើយ តែចម្លែកអីបានជាតារាចម្រៀងស្រីត្រកូលខាត់ គឺអ្នកនាង ខាត់ សុឃីម ដែលមហាជនបានដឹងថា អ្នកនាងមានកូនពីររួចទៅហើយសម្រាប់សង្គមគ្រួសាររបស់អ្នកនាងនោះ ចុះហេតុអ្វីបានជាថ្មីៗនេះអ្នកនាងបែរជាប្រកាសថា ចង់បានកូនថែម និងថែមទាំងចង់បានកូនភ្លោះទៀតផង?

ក្នុងជំនួបកិច្ចសម្ភាសជាមួយឡារ៉ែន តារាចម្រៀងស្រីវ័យជ្រេ តែសម្រស់នៅស្អាតផូរផង់ រាងតូចច្រឡឹងគួរឲ្យខ្នាញ់ មានចំណងស្នេហ៍អាពាហ៍ពិពាហ៍ជាមួយនឹងតារាសម្តែងប្រុសវ័យក្មេងជាងខ្លួន ដែលបច្ចុប្បន្នជាស្វាមីរបស់នាងគឺលោក អ៊ិន សុបញ្ញា ហៅ សុផាណូ បានប្រាប់ដោយឥតលាក់លៀមពីក្តីប្រាថ្នាចង់បានកូនភ្លោះថា៖ «ចា៎ស! ខ្ញុំមិននិយាយលេងទេ គឺពិតជាបានប្រាប់ថា ចង់បានកូនភ្លោះមែន។ មូលហេតុមាន ៣ យ៉ាង ដែលជំរុញឲ្យចង់បាន ដំបូងគឺមកពីនាងខ្ញុំមានវ័យច្រើនគឺ ៣៨ ឆ្នាំទៅហើយ ឱកាសមានកូននៅសល់តិច។ បន្ទាប់មកទៀត ដោយសារតែនាងខ្ញុំទម្លាប់រស់នៅក្នុងគ្រួសារដែលមានសមាជិកច្រើន ដូច្នេះទើបចង់ឲ្យគ្រួសារជំនាន់ខ្ញុំមានច្រើនដែរ។ ចំណែកឯចំណុចចុងក្រោយ គឺដោយសារតែមើលឃើញអ្នកសិល្បៈដូចគ្នាគេទៅរកសេវាកម្មប្រឹក្សាជួយឲ្យមានកូនភ្លោះតាមបច្ចេកទេសទំនើបពីគ្រូពេទ្យជំនាញបានជោគជ័យ ក៏នឹកចង់បានដែរទៅ ខណៈដើមខែ៦ ខាងមុខនេះ នាងខ្ញុំនឹងទៅពិគ្រោះយោបល់ហើយ។ បើពិនិត្យទៅហើយបានសម្រេចតាមក្តីប្រាថ្នានោះ មិនបង្អង់យូរទេ នឹងប្រញាប់យកកូនភ្លោះនោះឲ្យបាននៅក្នុងឆ្នាំចតែម្តង»៕

Advertisement