ចន ច័ន្ទលក្ខិណា ប្រតិកម្មតបតចំពោះអ្នកលេងហ្វេសប៊ុកថៃដែលប្រមាថសិល្បៈខ្មែរ

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលដ៏ខ្លាំងមួយ ដោយសារអ្នកលេងហ្វេសប៊ុកជនជាតិថៃម្នាក់ដែលមានគណនីឈ្មោះPormchai Suthanonបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនដោយប្រើពាក្យតិះដៀលប្រមាថដល់សិល្បៈវប្បធម៌ខ្មែរនិងជនជាតិខ្មែរ។

នៅក្នុងសារនោះគេបានសរសេររៀបរាប់ថា៖ «ភាគច្រើនសិល្បៈផ្សេងៗរបស់ខ្មែរ គឺមួយផ្នែក Copy ពីប្រទេសថៃយើងច្រើនជាងដែលពួកគេគិតឡើងដោយខ្លួនឯង និងអះអាងថាជាសិល្បៈរួម ដោយសារតែស្ថានភាពសង្គ្រាមរយៈពេលយូរអង្វែង តែប្រជាជនខ្មែរសម័យនេះពួកគេអះអាងថាថៃបានលួចរបស់ពួកគេទៅវិញ (ប្រើពាក្យថាលួចតែម្ដង) ដែលតាមពិតទៅខ្លួនឯងសោះ ជាភាគីលួចពីប្រទេសថៃច្រើនជាង។ ប្រសិនបើមើលតាមក្បាច់រាំ ការតុបតែងមុខមាត់ ម៉ូដសក់ក្បាច់ជីបផ្សេងៗទៀត គឺខ្មែរបានCopy របស់យើងគ្រប់យ៉ាងៗសម្បូរបែប និងថែមទាំងទទូចសូមឱ្យពិភពលោកទទួលស្គាល់ថា ជារបស់ជាតិសាសន៍ខ្មែរ មិនមែនរបស់ជនជាតិថៃ ទាំងមិនស្គាល់អំពីក្រសួងវប្បធម៌ថៃឡើយ។ តើជាអ្វីទៅ..?»។

គ្រាន់តែបានឃើញសារនោះ និងការឆ្លើយតបរបស់កូនខ្មែរមួយចំនួននៅលើហ្វេសប៊ុកភ្លាម ប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណាបានពន្លះទៅវិញថា «ខ្ញុំក៏ចង់និយាយដែរថា ប្រទេសរបស់អ្នកឯងជាប្រទេសដែលចេះតែលួចវប្បធម៌អរិយធម៌គេ គ្មានអ្វីជាអត្តសញ្ញាណរបស់ខ្លួនពិតប្រាកដឡើយ មានតែមួយគត់ដែលសម្គាល់ថាជាអត្តសញ្ញាណរបស់ប្រទេសអ្នកឯងគឺ វប្បធម៌ទេសចរណ៍សិច ឬសិចអនាធិបតេយ្យ។ សុំទោស ខ្ញុំយករូបពីការផុសតគ្នាតាមរយៈព័ត៌មានចែកចាយលើបណ្ដាញសង្គម Facebook ឯរឿងហ្នឹងពិត ឬមិនពិតយ៉ាងណា ខ្ញុំមិនដឹងទេ ដឹងត្រឹមតែខ្ញុំមិនសប្បាយចិត្តនឹងអ្នកណានិយាយមើលងាយប្រទេសខ្មែរប៉ុណ្ណោះ»។

យ៉ាងណាមិញ នៅមិនទាន់អស់ចិត្តឡើយ អ្នកនាងនៅបានបង្ហោះសារជាបន្ដបន្ទាប់ទៀតដោយអះអាងថា នាងខ្ញុំជាមនុស្សល្ងង់ តែនាងខ្ញុំឈឺចាប់ណាស់នូវអ្វីដែលសាសន៍គេដៀលខ្មែរ តែអ្វីដែលគួរឱ្យឈឺចាប់ជាងនេះ គឺកូនខ្មែរដែលអង្គុយលើគំនរវិជ្ជា បែរជាអបអរសាទរ និងគាំទ្រនូវអ្វីដែលសាសន៍គេកំពុងមើលងាយសាសន៍ឯងទៅវិញ។ នេះជាការយល់ឃើញរបស់មនុស្សល្ងង់ដូចជារូបខ្ញុំ។ បើអ្នករៀនបានខ្ពង់ខ្ពស់ និងស្ថិតក្នុងត្រកូលថ្លៃថ្នូរ ក្នុងគ្រួសារសម្បូរចំណេះវិជ្ជាមិនយល់ស្រប ក៏សុំទោសផងចា៎ ព្រោះការយល់ឃើញផ្សេងគ្នា ឋានៈខុសគ្នា ចំណេះដឹងខុសគ្នា និងស្ថានភាពខុសគ្នា។ដូច្នេះបើមិនពេញចិត្ត សូមUnfriend ខ្ញុំចោលទៅ ចំពោះគំនិតរបស់អ្នកមកលើមតិយោបល់របស់ខ្ញុំកន្លងមក រួមទាំងការវាយប្រហារមកលើខ្ញុំផ្សេងៗផង គឺខ្ញុំដឹងទាំងអស់គ្រាន់តែខ្ញុំមិននិយាយ។ ទំនេរៗ យកពេលទៅគិតរឿងជួយអភិវឌ្ឍប្រទេសជាតិទៅ កុំយកពេលមកចាំតែរិះគន់ប្រទេសខ្លួនឯង អ្វីៗមិនស្ថិតលើបបូរមាត់ទេ គឺស្ថិតលើសកម្មភាព គេមិនហៅថាទំពាំងស្នងឫស្សីទេ គឺគេហៅទំពាំងជ្រក់៕

Advertisement