ប្រពន្ធដើម នាយ ហុងដា ធ្លាក់ខ្លួនក្រលំបាកតោកយ៉ាកខ្លាំងរហូតគ្មានប្រាក់មកមើលកូនប្រុសជាប់ឃុំ

ភ្នំពេញៈ បន្ទាប់ពីបានចាប់ឃាតករដែលសម្លាប់ប្រពន្ធចុងរបស់តារាកំប្លែងនាយហុងដា គឺជាកូនប្រុសបង្កើតរបស់ប្រពន្ធដើម គឺនាងឃ្មឹបដែលមានឈ្មោះថា ខា សុខេន មានវ័យ ១៨ ឆ្នាំមកនោះ មហាជនក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរឹតតែចង់ដឹងទៅទៀតអំពីបច្ចុប្បន្នភាពរបស់នាងឃ្មឹបថា តើនៅទីណាម៉េចបានបណ្តោយកូនឲ្យក្លាយជាឃាតករសម្លាប់ប្រពន្ធចុងឪពុករបស់ខ្លួនបែបនេះទៅវិញ?

នៅរាត្រីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៧ យប់មិញនេះក៏ស្រាប់តែមានការបង្ហោះរូបថតស្តីពីបច្ចុប្បន្នភាព និងលេខទូរស័ព្ទទំនាក់ទំនងរបស់នាងឃ្មឹប ដែលមានជីវភាពលំបាកលំបិនខ្លាំងមែនទែនដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Keo Virakboth និងប្រកាសថា៖ « យប់មិញនេះខ្ញុំបាទប្រទះឃើញអ្នកនាងឃ្មឹប ប្រពន្ធដើមលោកហុងដា។ សភាពគាត់គួរឲ្យអាណិតណាស់ រកតែអង្ករច្រកឆ្នាំងសឹងតែពុំបានផង រកលុយមកមើលកូនក៏មិនបានទៀត គ្មានលុយមួយរៀលទេ! សូមពុកម៉ែបងប្អូនជួយគាត់ផង មើលមុខគាត់ក៏ដឹងថាគាត់គ្មានលុយដែរ»។

កាលពីរសៀលម៉ោង១៥.០០ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញបានសហការជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាគូស្នេហ៍នឹងគ្នាដែលជាប់សង្ស័យពាក់ព័ន្ធករណីសម្លាប់ប្រពន្ធក្រោយរបស់នាយហុងដា ដែលគេគ្រប់គ្នាស្គាល់ថាជាតារាកំប្លែងម្នាក់ក្នុងវិស័យសិល្បៈនោះ។

ជនសង្ស័យទី១ មានឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់លោកហុងដា និងជនសង្ស័យទី២ មានឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកនៅហាងរស្មីបឹងកក់ ត្រូវជាស្រីស្នេហ៍។ តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពសម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិតបា្រកដមែន គឺធ្វើសកម្មភាពតែម្នាក់ឯង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូរបស់ឪពុកបង្កើតគេ(នាយហុងដា) តែក្រោយពេលសម្លាប់រួច សង្សាររបស់គេបានចេញមកពីធ្វើការវិញទាន់ ខ្លួនក៏បានអង្វរសង្សារកុំឲ្យឆោឡោ និងជួយយកភួយមករុំសាកសព អូសទៅទុកនៅបន្ទប់ទឹក ព្រមទាំងដោះយកកងដៃ ២១កង ចិញ្ជៀន ១វង់ ទូរស័ព្ទម៉ាកណូគាមួយគ្រឿង និងម៉ូតូមួយគ្រឿងរួចចាកចេញពីទីនោះតែម្តង។

គួរបញ្ជាក់ផងដែរថា អតីតតារាកំប្លែងអ្នកនាងរ៉េន សុធារី ហៅនាងឃ្មឹប បានចូលប្រឡូកក្នុងពិភពសិល្បៈតាំងពីឆ្នាំ១៩៩៩ តាមរយៈឪពុកនាងគឺនាយជី វ៉ាន់ស៊ុយ ដែលទើបទទួលមរណភាពកាលពីឆ្នាំ២០១៣។ នាងឃ្មឹប បានរៀបការជាមួយនឹងនាយហុងដា ជាសិស្សច្បងរួមក្រុម ហើយបង្កើតបានកូនពីរនាក់ តែដោយសារអំណាចទឹកប្រាក់នាងឃ្មឹបក៏បានរត់ចោលនាយហុងដា ក្រោយពីរស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់រយៈពេល ១២ ឆ្នាំមក៕

Advertisement