គាំទ្រ !! ទូច ស្រីល័ក្ខ សំណូមពរឱ្យបញ្ឈប់ប្រើពាក្យ «បទ Original Song»

ដោយមើលឃើញថា កូនខ្មែរជំនាន់ថ្មីនេះមានសមត្ថិភាពផលិត និងពន្ធបទចម្រៀងស្នាដៃនិពន្ធថ្មីបានល្អប្រណីតច្រើនឡើង នៅក្នុងនោះតារាសម្ដែងស្រី ទូច ស្រីល័ក្ខ បានចេញសារនៅលើហ្វេសប៊ុកដោយឱ្យកូនខ្មែរគ្រប់រូប ជាសំណូមពរឱ្យបញ្ឈប់និយាយពាក្យថា «បទ Original Song» និងងាកមកប្រើពាក្យថា «បទចម្រៀងស្នាដៃកូនខ្មែរដែរនិពន្ធភ្លេងថ្មី» ក្នុងគោលបំណងអភិរក្សពាក្យខ្មែរ ជាជាងនិយមពាក្យកំចីពីបរទេស។

អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារដូច្នោះថា «អាចទេបើបងប្អូនយើងទាំងអស់គ្នា ចូលរួមឈប់និយាយពាក្យថាបទ original? ហើយយើងងាយនិយាយ ជាភាសារខ្មែររបស់ជាតិយើងវិញថា បទចម្រៀងស្នាដៃកូនខ្មែរដែរ និពន្ធភ្លេងថ្មីដោយខ្លួនឯង ព្រោះបើយើងមានបទចម្រៀងផ្ទាល់ខ្លួន ហើយបងប្អូនយើងទាំងអស់គ្នា ចូលរួមឈប់ប្រើពាក្យថា Original ជាភាសារជាតិគេទៀតបានទេ?»។

ម្ចាស់បទនិពន្ធថ្មី « សុភមង្គលមិនឋិតលើលុយតែមួយមុខ » បានបញ្ជាក់បន្ដថា «ផ្តើមចេញពីបងប្អូនយើងទាំងអស់គ្នា ដើម្បីជួយលើកស្ទួយវិស័យសិល្បៈ ដើម្បីឲ្យកាន់តែមានភាពរីកចម្រើន និងទាន់សម័យទំនើបបែបខ្មែររបស់យើង បើយើងទាំងអស់គ្នា ជួយថែរក្សាអត្តញ្ញាណខ្មែររបស់យើង និងវប្បធម៌សិល្បៈរបស់យើងទាំងអស់គ្នា ពិតជាល្អណាស់សម្រាប់ក្មេងៗជំនាន់ក្រោយ ឲ្យបានយល់ដឹងឲ្យកាន់តែច្បាស់ថា វប្បធម៌ខ្មែររបស់យើងពិតជាល្អផូរផង់ណាស់»៕

Advertisement