យក់ ដួងតារា គ្មានទីផ្សារសិល្បៈរហូតដល់ថ្នាក់បង្ហោះសារបែបនេះ….

គួរឱ្យសង្រែងបំផុតដែល តារាប្រុស យក់ ដួងតារា ជាតារាចម្រៀងបែបចម្រៀងប្រពៃណី កន្រ្តឹម មនោសញ្ចេតនា ប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានគេសង្កេតឃើញថា លោកពុំសូវជាមានទីផ្សារសិល្បៈដូចជាតារាចម្រៀងសម័យ ឬតារាជំនាន់ថ្មីនោះទេ ពោលគឺ លោកមិនសូវមានវត្តមានអញ្ចើញឱ្យច្រៀងតាមរយៈការប្រគំតន្រ្តីធំៗឡើយ។ បទចម្រៀងរបស់លោកទៀតសោទ ក៏មានសូវជាមានចេញគគ្រឹកគគ្រែងភ្លូកទឹកភ្លូកដីផងដែរ គេរមែងឃើញមានតែនៅក្នុងអំឡុងពេលចូលឆ្នាំតែប៉ុណ្ណោះ ឬរដូវបុណ្យធំៗជាដើម ។ ថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ពិត និងជីវិតនៃការតស៊ូនៅក្នុងវីថីសិល្បៈដ៏ជូរចត់នេះ ។

អតីតបេក្ខភាពប្រឡងកម្មវិធីកំពូលតារាចម្រៀង I am a singer Cambodia រូបនេះ បានរៀបរាប់ថា « ជីវិតពិតជាប្រែប្រួលទៅតាមពេលវេលាមែន​! ពេលនេះខ្ញុំធ្នាក់ខ្លួនដើរលេងល្ខោនមួយយប់ដប់ពីរមុឺន​រៀល ព្រោះតែមិនសូវមានឱកាសដូចក្មេងៗដែលទើបនឹងឡើងមកក្រោយ​ៗ ម្យា៉ងឯងចាស់ហើយ​ ក្មេងៗគេឡើង​មកជាន់ឯងលិចបាត់ងើបលែងរួច ព្រោះក្មេងៗគេចេះច្រើនជំនាញ​ ដូចជាខាងយុវវ័យក៏គេចេះច្រៀង​ ខាងបុរាណក៏គេចេះច្រៀង​ ខាងកន្ទ្រឹមក៏គេចេះច្រៀង​ ដូច្នេះសេដ្ឋកិច្ចទីផ្សារផ្នែកវិស័យលើសិល្បះចំរៀងមួយនេះត្រូវបានក្មេងៗទាញស្រូបយកស្ទើរតែទាំងស្រុង​ »។

លោកបានបញ្ជាក់ទាំងអារម្មណ៍ក្ដុកក្ដួលទៀតថា « រីឯអ្នកចំរៀងចាស់ៗវិញ​ ខ្លះនៅមានមុខ​ ខ្លះក៏បាត់មុខ​ ខ្លះក៏ទៅដាំជី​ ដាំស្លឹកគ្រៃ​ ចិញ្ចឹមមាន់ចិញ្ចឹមទា​ ព្រោះតែបាត់បង់ឱកាស​ ចំណេះដឹងនឹងទេពកោសល្យដែលមាន​ តិទៀតនឹងត្រូវស្លាប់ទៅតាមម្ចាស់ដែរហើយ​ ព្រោះតែមិនសូវមានអ្នកអើពើនិងផ្តល់តម្លៃអោយ។ (បើដើរទៅមុខ​ ក៏គួរតែងាកមើលក្រោយខ្លះផង) »៕

Advertisement