តារាសម្តែងពន្លកថ្មីកញ្ញា សាឡាត់ ស្រីឡាង រំពឹងកុនភាគនៅ CTN មានប្រិយមិត្តគាំទ្រច្រើន

ភ្នំពេញៈ ក្រោយពីមានឱកាសចាប់យកការថតកុនទាំងរឿងដុំ និងសម្តែង MV នានាជាហូរហែមកនោះ រាសីរបស់តារាសម្តែងស្រីវ័យក្មេងជារលកក្រោយដែលឈានជើងចូលទៅប្រឡូកវិស័យសិល្បៈភាពយន្តកញ្ញា សាឡាត់ ស្រឡាង ក៏ស្រាប់តែទទួលបានលាភផ្សេងមួយទៀតគឺការថតកុនភាគរឿង «ទីបញ្ជប់នៃស្នេហ៍» របស់ផលិតកម្ម LD Picture ដែលនឹងត្រូវចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN ក្រៅពីកុនភាគរឿង «មន្តស្នេហ៍ក្រមុំបាយឆា» របស់ទូរទស្សន៍ PNN ហើយនោះ។

នាពេលថ្មីៗនេះ កញ្ញា សាឡាត់ ស្រីឡាង ដែលមានរូបរាងស្ល៊ីម ទម្ងន់ ៥០ គីឡូ និងកម្ពស់១.៧០ ម៉ែត្រ ទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តអ្នកទស្សនាភាពយន្តភាគរឿង «មន្តស្នេហ៍ក្រមុំបាយឆា» របស់ទូរទស្សន៍ PNN និងរឿងដុំទើបតែចាក់បញ្ចាំងតាមរោងកុននានាគឺរឿង «ជួបស៊យ» ដែលជាភាពយន្តនិពន្ធ និងដឹកនាំសម្តែងដោយតារាកំប្លែង នាយ គ្រឿន ដែលមានតួសម្តែងជាច្រើនដូចជាកញ្ញា គៀត សុវណ្ណឡាង លោក ជា សុវណ្ណនរាហ៍ លោក ងួន សុបិន្ត អ្នកនាង ខ្ញុង អ្នកនាង ប៉ែន សុផានី លោក ទេព រិនដារ៉ូ នាយ ពែក មី ឌីជេ ប៊ីក ឌីជេ កាកា និងនាយ ក្រូច។

កញ្ញា សាឡាត់ ស្រីឡាង បានប្រាប់ពីអារម្មណ៍របស់ខ្លួន និងក្តីរំពឹងសម្រាប់បទពិសោធថ្មីនាពេលសម្តែងកុនជួបជាមួយនឹងតួប្រុសរូបសង្ហាក្នុងរឿង «ទីបញ្ជប់នៃស្នេហ៍» ឲ្យឡារ៉ែនដឹងថា៖ «នេះជាលើកទីមួយ ដែលបានសម្តែងរួមគ្នា និងមានអារម្មណ៍រំភើបចិត្តខ្លាំងទៅតាមសាច់រឿង ជាមួយនឹងតួប្រុសរូបសង្ហា។ហើយការសម្តែងជាមួយគាត់លើកទីមួយនេះដែរ ក៏សង្ឃឹមថានឹងទទួលបានការគាំទ្រពីបងប្អូនទាំងអស់គ្នា និងអរគុណទុកជាមុនសម្រាប់ការគាំទ្ររឿងនេះ។ ទីបព្ចាប់នៃស្នេហ៍ មានចាក់បញ្ចាំងនៅទូរទស្សន៍ CTN ដែលនេះជាវណ្ណកម្មរបស់ផលិតម្ម LD Picture ហើយពេលវេលានៃការចាក់បញ្ជាំងចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ វេលាម៉ោង ៧ ដល់ ៨ ល្ងាច»៕

Advertisement