មកស្គាល់អាត់ពីរ ដ៏សំខាន់ក្នុងវិស័យ​សិល្បៈ ដែលជួយឲ្យផលិតកម្ម និងទូរទស្សន៍ពីរល្បី

បើយើងនិយាយពីឧកញ៉ាបួនរូប ដែលជើងខ្លាំង​ក្នុងវិស័យជំនួញ​ច្បាស់ជាប្រិយមិត្តជាច្រើនបានស្គាល់យ៉ាងច្បាស់ថា ពួកគាត់ជានរណា? ប៉ុន្តែបើនិយាយពី មនុស្សពីរនាក់ ក្នុងវិស័យ​​សិល្បៈ ដែលជាសន្លឹកអាត់ដ៏សំខាន់ មានមនុស្សតិ​ចតួច​ណាស់ ដែលបានស្គាល់ពួកគាត់ ។​

ផលិតកម្មពីរដែលបានដើរយ៉ាងរលូនមកដល់បច្ចុប្បន្ននេះ មានអ្នកទស្សនិកជនជាច្រើនបានចាប់អារម្មណ៍ តែទៅលើអ្នកចម្រៀងប្រចាំទ្រនំនោះតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ផលិតករវិញមាន​អ្នកតាមដានសង្គមសិល្បៈតិចតួច បំផុត ដែលបានស្គាល់ ហើយពួកគាត់ជាមនុស្សយ៉ាងសំខាន់ធ្លាប់ជួយជ្រោមជ្រែង ទាំងផលិតកម្ម និងស្ថានីយ៍ទូរទស្សន៍ឱ្យល្បីល្បាញមកទល់សព្វថ្ងៃនេះ ។​

និយាយពី អ្នកគ្រប់គ្រង​នៅក្នុងផលិតកម្មហង្សមាស មានទស្សនិកជនខ្លះទើបតែស្គាល់តែប៉ុណ្ណោះ ក្រោយព័ត៌មាន​ ថា​បុគ្គលរូបនេះមានទំនាក់ទំនង​ស្នេហានិងទន្ទឹងរងចាំតែថ្ងៃចូលរោងការជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា ។​
លោក អ៊ឹង សុខលី បច្ចុប្បន្នទៅកាន់កាប់នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស លោកជាគ្រប់ពេជ្រនិងជាសន្លឹកអាត់ដ៏សំខាន់ សម្រាប់ទូរទស្សន៍មួយនេះ ។ លោកជាមនុស្សតែម្នាក់គត់ ដែលធ្វើអោយ​ ផលិតកម្មហង្សមាស ឈរឈ្មោះល្បីល្បាញខ្ទរខ្ទារ តាមរយៈការគ្រប់គ្រងរបស់លោកយ៉ាង​សស្រាក់សស្រាំ ។​ បុគ្គលល្អជោគជ័យ ទៅណាក៏ជោគជ័យដែរ ទោះបីជាលោកផ្លាស់ទៅកាន់កាប់ស្ថានីយ៍ទូរទស្សន៍ហង្សមាស លោ ក៏នៅតែធ្វើឱ្យផលិតកម្មហង្សមាសល្បីដូចគ្នា ។

ដោយឡែកបុគ្គលមួយរូបទៀត ដែលជាគ្រាប់ពេជ្រ និង សន្លឹកអាត់កើ ដ៏សំខាន់របស់ផលិតកម្មថោនវិញ គឺ លោក ប៊ុន រតនា កាលពីលោក គ្រប់គ្រងការផលិតនិងដឹកនាំ នៅផលិតកម្មថោន លោកបានធ្វើឱ្យផលិតកម្មនេះល្បីឈ្មោះខ្ទរខ្ទារ ដោយមានទស្សនិកជន​ទទួលស្គាល់តាមរយៈបទចម្រៀងដែលលោកផលិត ក្នុងនោះមានបទ «i Am Sorry» របស់ មាស សុខសោភា និង ករុណា ពេជ្រ ហើយនិងបទ «ឪពុកខ្ញុំជាប៉ូលិស​ចរាចរណ៍» នេះមិនរាប់ស្នាដៃជាច្រើនទៀតផង ស្ថិតក្រោមការផលិតរបស់លោក។​

បុគ្គលរូបនេះ មិនខុសគ្នាប៉ុន្មានពី លោក អ៊ឹង សុខលី ដោយបច្ចុប្បន្នលោកបានផ្លាស់ទៅជានាយកគ្រប់គ្រងការផលិតកម្មវិធី នៅក្នុងស្ថានីយ៍ទូរទស្សន៍ ថោន ដោយបានបង្កើតកម្មវិធីល្បីៗជាច្រើន បង្កឱ្យទស្សនិកជន សើចរឹងថ្គាម ដូចជាកម្មវិធី ដូច្នឹងផង កម្មវិធី កំប្លែងហ្មងនិងកម្មវិធីជាច្រើនទៀតដែលត្រៀមវាយលុកទីផ្សារ​ខាងមុខ​។​

ភាពដូចគ្នារវាងបុគ្គលរូបនេះ គឺត្រង់ថា ជាអ្នកធ្វើអោយចរន្តផលិតកម្មដើរយ៉ាងរលូនរួច​បន្ត ទៅធ្វើការងារក្នុងស្ថានីយ៍ទូរទស្សន៍ ដោយនៅតែជួយអោយទូរទស្សន៍ដែលពួកគាត់កំពុងធ្វើការល្បីល្បាញដូចគ្នា មិនចាញ់កាលនៅផលិតកម្ម ៕

Advertisement