ឌី សូនីតា តារាស្រីកម្ពុជាតែម្នាក់គត់ ចូលរួមសម្ដែងក្នុងរឿង The Prey

The Prey គឺជាចំណងជើងខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិ ដែលត្រូវបានផលិតឡើងដោយផលិតកម្មកងចក្រភាពយន្ត ដែលធ្លាប់ទទួលបានជោគជ័យលើការផលិតរឿង JAILBREAK ទទួលបានពានរង្វាន់ចំនួន5 ។ ដោយឡែកសម្រាប់ខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិ The Prey នាពេលនេះ ផលិតករបានជ្រើសរើសយក កញ្ញា ឌី សូនីតា ដែលជាតារាស្រីកម្ពុជាតែម្នាក់គត់ឱ្យចូលរួមសម្ដែងរួមគ្នាជាមួយកំពូលតារាល្បីៗចំនួន 3ប្រទេស រួមមានកម្ពុជា ថៃ និងចិន ជាមួយតំណែងជាតួឯកស្រីនៅក្នុងសាច់រឿង ។

កញ្ញា ឌី សូនីតា ត្រូវបានក្លាយជាតារាស្រីដ៏សំខាន់នៅក្នុងខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិ ដែលមានចំណងជើងថា «The Prey» ដែលជាខ្សែភាពយន្តបែបស៊ើបអង្កេត វាយប្រហារគ្នាយ៉ាងគក្រើកតាំងពីដើមរហូតដល់ចប់រវាងក្រុមឧក្រិដ្ឋជន អ្នកទោស និងប៉ូលីស ។ នៅក្នុងខ្សែភាពយន្តដ៏អស្ចារ្យនេះផងដែរ កញ្ញា ឌី សូនីតា ត្រូវបានទទួលតំណែងជាតួអង្គស្រីតាមជួយរំដោះប៉ូលីសជនជាតិចិន ដែលសម្ដែងដោយលោក Gu Shang Wei ដែលជាអ្នកប្រដាល់ថ្នាក់ជាតិនៅប្រទេសចិនជាច្រើនឆ្នាំ និងជាតួឯកដ៏ល្បីឈ្មោះនៅក្នុងខ្សឬភាពយន្ត BLOOD DESTINY ដែលក្លាយជាអ្នកទោសជាប់គុកនៅប្រទេសថៃ។

នៅក្នុងពិធីសន្និសីទប្រកាសចាប់ដំណើរការថតសាច់រឿងកាលពីពេលកន្លងទៅ ស្រីស្រស់សម្បុរស្រអែម កញ្ញា ឌី សូនីតា បានបង្ហាញពីអារម្មណ៍រំភើបយ៉ាងដូច្នេះថា ៖ «ខ្ញុំពិតជារំភើបមែនទែន ដែលបានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តលំដាប់អន្តរជាតិ ដែលនេះវាជាបទពិសោធន៍ថ្មីរបស់ខ្ញុំ ។ ខ្ញុំនឹងព្យាយាមសម្ដែងឱ្យអស់ពីលទ្ធភាពដើម្បីទទួលបានការគាំទ្រពីទស្សនិកជន »។ កញ្ញាបានបន្តទៀតថា ៖ «ខ្ញុំជឿជាក់ថា រឿងនេះនឹងទទួលបានការគាំទ្រច្រើនពីបងប្អូនទស្សនិកជន ព្រោះបើតាមសាច់រឿងដែលខ្ញុំបានមើលគឺពិតជាល្អបំផុត ហើយម៉្យាងទៀតទាំងអ្នកដឹកនាំសម្ដែង អ្នកកាន់ម៉ាស៊ីនថត សុទ្ធតែជាអ្នកជំនាញធ្លាប់ទទួលបានពានរង្វាន់ទាំងអស់» ។

លោក Jimmy Henderson ដែលជាអ្នកដឹកនាំរឿង បានឱ្យដឹងថា ឈុតដំបូងដែលត្រូវចេញថតគឺត្រូវធ្វើឡើងនៅត្រឹមថ្ងៃទី07 ខែមីនា ក្នុងខេត្តកោះកុង ដែលជាតំបន់ព្រែភ្នំ និងមានទឹកជ្រោះ។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំថា រឿង The Prey នឹងទទួលបានជោគជ័យ ព្រោះផ្អែកតាមបទពិសោធន៍កាលពីពេលកន្លងទៅ ជាពិសេសការទទួលបានជោគជ័យលើការបញ្ចាំងរឿង  រឿង JAILBREAK ដែលបានបង្ហាញខ្លួននៅក្នុងសាលលមហោស្រពអន្តរជាតិជាង20 រួមជាមួយនឹងការទទួលបានពានរង្វាន់ឆ្នើមចំនួន5។ ដូច្នេះសម្រាប់ រឿង The Prey គឺមិនពិបាកក្នុងការគៀងគរប្រជាប្រិយភាពនោះទេ ៕

Advertisement