អ៊ុន អាលីហ្សា សម្រេចក្ដីប្រាថ្នាសម្ដែងជាមួយអ្នកនាង អម្ពរ ទេវី

នៅពេលថ្មីៗនេះ តារាសម្ដែងស្រីនាង អ៊ុន អាលីហ្សា បានបង្ហើបប្រាប់ឱ្យដឹងថា នាងពិតជាមានក្ដីសោមនស្សបំផុត ខណៈដែលទទួលបានការអញ្ចើញឱ្យសម្ដែងក្នុងរឿងភាគថ្មី ជាមួយកំពូលតារាសម្ដែងជើងចាស់គឺ អ្នកនាង អម្ពរ ទេវី ដែលជាស្នាដៃវណ្ណកម្មផលិតរបស់ក្រុមហ៊ុន Red Picture។

តារាសម្ដែង និងជាថៅកែស្រីម្ចាស់ហាងសម្អាងការរូបនេះបានបង្ហើបប្រាប់ថា «នៅក្នុងរឿង “ឆាំពាន” នេះ នាងខ្ញុំត្រូវសម្ដែងជាក្មួយរបស់អ្នកបងអម្ពរ ទេវី ដែលសម្ដែងជា​ប្រ​ធានក្រុមហ៊ុន ហើយខ្ញុំជាអនុប្រធានក្រុមហ៊ុន។ ខ្ញុំស្រឡាញ់សមត្ថភាពអ្នកបងអម្ពរ ទេវី ជាយូរមកហើយ ​ឥឡូវ​ទើបបានសម្រេចបំណងដ៏ធំនេះ ខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំក៏ទទួលបានបទពិសោធច្រើនដែរពីអ្នកបងទេវី ។ ខ្ញុំសង្ឃឹមថា ពេលថតរឿងនេះចប់ ថ្ងៃណាមួយខ្ញុំនឹងបានរួមការងារ​ថ្មីជាមួយគាត់​ម្ដងទៀតនៅរឿង​ផ្សេងទៀត​ជាមិនខាន»។

សូមជម្រាបបន្ថែមថា រឿងភាគថ្មីដ៏ល្អឯកមួយនេះ ត្រូវបានសម្រិតសម្រាំងឡើងដោយជ្រើសរើសតួសម្ដែងដែលមានបទពិសោធសម្ដែងច្រើនឆ្នាំ និងមានឈ្មោះល្បីផងដែរ ហើយរឿងនេះទៀតសោត បានគ្រោងចំណាយទុនអស់ដល់ខ្ទង់ម៉ឺនដុល្លារ​ឯណោះ ដោយរំពឹងទុកថា និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនខ្មែរទាំងអស់៕

Advertisement