ឌុច លីដា មិនប្រកាន់ខ្លួន ឱ្យសម្ដែងជាតួអ្វីក៏បាន

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2018 នេះបានឱ្យដឹងថា តារាសម្ដែងស្រីល្បីឈ្មោះ ឌុច លីដា បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីឈុតឆាកសកម្មភាពក្រៅរឿង​នៃការថតរឿងភាគ «សមុទ្រទឹកភ្នែក» ដែលជាស្នាដៃផលិតរបស់ស្ថានីយទូរទស្សន៍ PNN។ ដោយឡែក អ្វីដែលប្រិយមិត្តបានមើលឃើញ និងភ្ញាក់ផ្អើលរហូតដល់ថ្នាក់ចំហមាត់ធ្លុងនោះគឺ តារាស្រីរូបនេះតម្រូវឱ្យផាត់មុខ និងតុបតែងកាយទៅជាយាយចាស់ម្នាក់ ដែលធ្វើឱ្យអ្នកគាំទ្រចំណាំនាងស្ទើរតែមិនបាន។

តារាស្រីសម្បុរខ្មៅស្រអែមរូបនេះ បានបង្ហោះសារអមដោយរូបភាពថា «ក្នុងនាមជាតួសម្ដែង ខ្ញុំមិនដែលនិយាយពាក្យថា ខ្ញុំមិនអាចធ្វើបានទេនោះឡើយ ខ្ញុំមានតែពាក្យថា “ខ្ញុំនឹងព្យាយាមធ្វើឱ្យបានល្អ” មិនខ្លាចគេថា ឌុច លីដា LidaDuchធ្វើចាស់ទៅ អាក្រក់ណាស់នោះទេ តែសម្រាប់ខ្ញុំ ពិតជាសប្បាយចិត្តណាស់ ព្រោះខ្ញុំបានបទពិសោធថ្មីបន្ថែមទៀតពីការងារដែលខ្ញុំស្រឡាញ់» ។ ការពោលដូច្នោះ ហាក់បីដូចជានាងបានប្រាប់ទៅកាន់ប្អូនៗជំនាន់ក្រោយ និងមហាជនថា ជាតារាសម្ដែងស្រីម្នាក់ដែលអាចសាងកេរ្តិ៍ឈ្មោះបាន មានមនុស្សស្គាល់ពីទេពកោសល្យពិតរបស់ខ្លួន គឺមិនមែនជារឿងងាយទេ តែនាងបានព្យាយាមសម្ដែងគ្រប់បែបបទ ទៅតាមការកំណត់របស់អ្នកដឹកនាំរឿង និងសាច់រឿងទាំងមូល ដោយមិនពោលពាក្យប្រកាន់ខ្លួនអ្វីទាំងអស់ ពោលគឺ នាងអាចបត់បែនបានគ្រប់កាលៈទេសៈនៃការសម្ដែង៕

Advertisement