ប្រាសាទ ដា​វីន កាន់តែ​ផ្អែមល្ហែម​ជាមួយ អា​ឡិច​ដា​ហ្វី

តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​បង្ហាញ​ម៉ូដ និង​សម្ដែង​ប្រុស លោក ច​ន អា​ឡិច​ដា​ហ្វី ដែល​ត្រូវជា​ប្អូនប្រុស​របស់លោក ច​ន អា​ឡិច​ហ្សូ​រ៉ា នោះ បាន​បង្ហោះ​វីដេអូ​ជាមួយ​តារា​បង្ហាញ​ម៉ូដ​ស្រី ប្រាសាទ ដា​វីន ដែល​តាមរយៈ​វីដេអូ​រយៈពេល​មិន​ដល់ 1នាទី​នោះ គេ​មើលឃើញថា អ្នក​ទាំងពីរ​បានបង្ហាញ​ពី​ភាព​ផ្អែមល្ហែម ដោយ​ការ​ប្រឡែង​ថើប​គ្នា​យ៉ាង​ល្អូកល្អិន និង​រីករាយ​នៅលើ​ម៉ូតូ​កង់​បី ខណៈពេល​កំពុងតែ​ធ្វើដំណើរ។

យ៉ាងណាមិញ តារា​ប្រុស​វ័យក្មេង​រូបនេះ បាន​រៀបរាប់​ជា​សារ​យ៉ាង​ផ្អែមល្ហែម​នៅលើ​អ៊ី​ន​ស្ដា​ក្រាម​របស់​រូបលោក​ថា «អរគុណ​ព្រះ​ជា​ម្ចាស់​ដែល​បាន​នាំ​នារី​ដ៏​ស្រស់​សោភា (ដែល​មិនមែន​ស្រស់ស្អាត​តែ​រូបរាង​ខាងក្រៅ ) មកកាន់​ពិភពលោក​ដ៏​អស្ចារ្យ​នេះ #penhbesdoung (ពេញ​បេះដូង)» ក្នុងនោះ​ផងដែរ សារ​យ៉ាង​ផ្អែម​ជាង​ទឹកឃ្មុំ​នេះ​បានធ្វើឱ្យ​មហាជន​កាន់តែ​សង្ស័យ​ជាខ្លាំង​ចំពោះ​ទំនាក់ទំនង​ជិតស្និទ្ធ​ស្អិតល្មួត​របស់​អ្នក​ទាំងពីរ។

គួរ​រំឭក​ផងដែរ​ថា កន្លងទៅថ្មីៗនេះ តារា​ប្រុស ដា​ហ្វី  ធ្លាប់បាន​បង្ហាញ​រូបថត​ពីរ​សន្លឹក​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដែល​គេ​មើលឃើញថា តារា​ស្រី ប្រាសាទ ដា​វីន កំពុង​ជិះ​លើ​ស្មា​របស់​តួ​ប្រុស ច​ន អា​ឡិច​ដា​ហ្វី ក្នុង​ឈុត​ប៊ី​គី​នី​ដ៏​សែន​សិច​ស៊ី។ បើទោះជា​អ្នកនាង​ជា​ស្រី​មេម៉ាយ​កូន​មួយ​ក្តី ក៏​អ្នកនាង​នៅតែមាន​រូបរាង​ស្អាត​ស្រ​ឡូ​ន​មិន​ចាញ់ក្រមុំៗឡើយ នេះ​ក៏​ព្រោះតែ​អ្នកនាង​បាន​ហាត់​យោ​ហ្គា​ដែលជា​កីឡា​កាយ​វប្បកម្ម​ថ្មី​សម្រាប់នារីៗ ក៏​អាចជា​ហេតុ​បណ្ដាលឱ្យ ដា​ហ្វី សម្លឹង​ឃើញ​រូបនាង​ផងដែរ៕

Advertisement