ទោះជា​​ កញ្ញា ខេមរៈ ស្រីពៅ បង្ហាញ​វត្ត​មាន​ក្តី​​ តែ​ការ​វិល​ចូល​សង្វៀន​​សិល្បៈ​វិញ​​នៅតែ​មិន​ទាន់​ច្បាស់​​

ភ្នំពេញៈ ខណៈពេល​​មហាជន​ជា​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ស្រី​​សម្បុរ​​ស្រអែម​ កញ្ញា ខេមរៈ ស្រីពៅ ដែល​ជា​ប្អូន​ស្រី​​​បង្កើត​របស់​កំពូលតារា​ចម្រៀង​ប្រុស​​​នៅ​ទ្រនំ​​ផលិត​កម្ម​សាន់ដេ​ លោក ខេមរៈ សិរី​មន្ត​ មាន​ការ​ត្រេក​​អរ​ និងភ្ញាក់​ផ្អើល​ខ្លាំង​ពេល​បាន​ឃើញ​វត្ត​មាន​​​នាង​​ចូល​រួម​នៅ​ក្នុង​ពិធី​រៀបចំ​​​មង្គល​ការ​កាល​ពី​ថ្ងៃ​​​ទី​៧ ខែ​​ឧសភា ឆ្នាំ​២០១៧​កន្លង​មក​នេះ​ក្តី តែ​ពន្លឺ​​នៃ​ការ​វិល​ចូល​ទៅ​កាន់​សង្វៀន​សិល្បៈ​វិញគឺ​​​​នៅ​មិន​ទាន់​​ដឹង​ច្បាស់​លាស់​​នោះ​​ឡើយ។ ​

​បើ​​តាម​ការ​អះអាង​របស់​លោក ខេមរៈ ភារុណ ដែល​ជា​បង​​ប្រុស​ច្បង​​បង្កើត អ្នក​នាំ​ពាក្យ​ និងជា​អ្នក​និពន្ធទំនុក​ច្រៀង​ប្រចាំ​ផលិត​កម្ម​សាន់ដេផង បាន​បង្ហើប​ប្រាប់​ឡា​រ៉ែនអំ​ពី​វត្តមានរបស់​ប្អូន​ស្រីដែលបាន​មក​ដល់​ស្រុក​ខ្មែរ​វិញ​ និង​​ប្រាប់​ពី​មូល​ហេតុ​មិនទាន់ច្បាស់លាស់​នៃ​ការ​វិល​ចូល​អាជីព​សិល្បៈ​វិញ​នោះ​ថា៖ «​អូ!​ប្អូន​ស្រី​ខ្ញុំ ​នាង​បាន​វិល​មក​ស្រុក​ខ្មែរ​វិញ​ប្រហែល​ជា​ពីរ​បី​ខែ​ហើយ។ ការ​ដែល​នាងបង្ហាញ​ខ្លួន​ក្នុង​ពិធី​មង្គល​ការ​មុន​នេះ​គឺ​នាង​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​បងប្អូន​នៅ​ខេត្ត​កំពង់​ចាម។ សភាព​ជំងឺ​របស់​នាង​បាន​ធូរ​គ្រាន់​បើ​ច្រើន​ហើយ​មក​ទល់​ពេល​​នេះ​។ ​ចំពោះ​​ពេល​វេលា​នៃ​ការ​វិល​មក​ប្រកប​អាជីព​សិល្បៈ​ចម្រៀង​វិញ​នោះ​ ទោះ​បីជា​ខ្ញុំ​ជា​បង​បង្កើត​មែន តែ​រឿង​នេះ​ក៏​នៅ​មិន​ទាន់​ដឹង​ច្បាស់​ដែរ ដោយ​​យើង​ទុក​ការ​ស​ម្រេច​ចិត្ត​នេះ​ទៅ​លើ​រូប​គាត់​​គិត​ចុះ​»។​​

ទោះជា​យ៉ាង​ណា​ក្តី បើ​យោង​តាម​សារ​ដែល​កញ្ញាខេមរៈ ស្រីពៅ បាន​បង្ហោះ​​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​​​ដល់​អ្នក​គាំទ្រនាង នា​ពេល​ចូល​រួម​ពិធី​មង្គល​ការ​កាល​ពី​ថ្ងៃ​​​ទី​៧ ខែ​​ឧសភា កន្លង​ទៅ​នោះ ស្រីពៅបាន​ស​រ​សេរ​ថា៖ «នឹក​Fan សំណព្វ​​ចិត្ត​ណាស់! ​នឹក​​ចេញ​ពីបេះ​ដូង​ពិតៗ​ ថត​បាន​ចេះ​តែ​ថត​ទៅ​ហិហិហិ» និង​សារមួយទៀតសរសេរ​ថា៖«សួស្តី​បង​ប្អូន​​ទាំង​អស់​គ្នា​ នាង​ខ្ញុំ​ចង់​សួរ​ថា សុខ​សប្បាយ​ជា​ទេ​បង​ប្អូន?» ។

ទាំងអស់នេះគឺ​ជាការបញ្ជាក់​ថា តារា​ស្រី​រូប​នេះ​កំពុង​តែ​មាន​ការ​នឹក​រឮក​ដល់​មហាជន​ណាស់ និង​ប្រាកដ​ជា​មិន​អាច​បោះ​បង់​ចោល​អាជីព​ខ្លួន​នោះ​ឡើយ។ ម្យ៉ាង​ទៀត​ នា​ពេលកន្លងទៅ​ថ្មីៗនេះ គឺ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ក៏​ត្រូវ​បាន​គេ​ដឹងដែរ​ថា កញ្ញា​ខេមរៈ ​ស្រីពៅ ​បាន​បង្កើត​ស្នាដៃ​មួយ​ដំបូងគេ​ក្នុង​ការ​ចាប់​ផ្តើម​វិល​មក​រក​ទ្រនំ​សិល្បៈ​រួច​ទៅ​ហើយ​ដែរ​ គឺ​នាង​បាន​​​និពន្ធ​ទំនុក​​​​ច្រៀង និង ​Melody បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា ​​«ស្រុក​ខ្ញុំ​គេ​រាំ​តែ​អញ្ចឹង» ឲ្យ​បង​ប្រុស​បង្កើត​គឺ​លោក ខេមរៈ សិរី​មន្ត នាឱកាស​មុន​​ចូល​ឆ្នាំ​ថ្មី​​កន្លង​ទៅ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ទៀត​ផង៕​

Advertisement