ថ្ងៃឈប់សម្រាក ឆាយ វិរៈយុទ្ធ នាំភរិយាទៅដើរលេងនៅប្រទេសជប៉ុន

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អ្នកនាង សែ ចាន់ឌី ភរិយារបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ឆាយ វិរៈយុទ្ធ នៅថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2018 នេះបានឱ្យដឹងថា នេះគឺជាលើកដំបូងហើយដែលស្វាមីបានដឹកដៃអ្នកនាងធ្វើដំណើរទៅកម្សាន្ដនៅបរទេស ក្រោយពីបានចាប់ដៃគ្នាភ្ជាប់ស្ពានមេត្រីអស់រយៈពេលជិត 1ឆ្នាំរួចមក។

កន្លងមកគេកត់សម្គាល់ឃើញថា ប្ដីប្រពន្ធមួយគូនេះមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់ ហើយតែងនាំគ្នាធ្វើដំណើរទៅកម្សាន្ដនៅតាមតំបន់រមណីយដ្ឋានធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា។ តែដោយឡែករូបភាពដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់ភរិយាលោក ឆាយ វិរៈយុទ្ធ នាពេលថ្មីៗនេះបានស្ដែងឱ្យឃើញថា អ្នកទាំងពីរបានធ្វើដំណើរទៅកម្សាន្ដ និងក្រេបច័ន្ទទឺកឃ្មុំនៅតំបន់ភ្នំហ្វ៊ូជិ ប្រទេសជប៉ុន។ អ្នកនាង សែ ចាន់ឌី បានរៀបរាប់ថា «ក្នុង​ខែ​កុម្ភៈ​នេះ​​មិន​មាន​​​ផ្កា​សា​គូរ៉ា​រីក​ច្រើន​ទេ ​ប៉ុន្តែ​វា​មាន​ព្រិល​ធ្លាក់​ ខ្ញុំ​ចង់​ទៅ​មើល​វា​ ការ​ពិត​ ខ្ញុំ ​និង​បង​ យើង​រវល់​ដូច​គ្នា​ តែយើង​ចង់ទៅ ​ទាល់​តែ​ឆ្លៀត​ តាំង​ពី​រៀប​ការ​ជិត​មួយ​ឆ្នាំ​មកហើយ ​មិន​ទាន់​បាន​ទៅ​ណា​មួយ​ដង​ផង​» ។

គួររំឭកផងដែរថា កន្លងមកលោក ឆាយ វិរៈយុទ្ធ ធ្លាប់បានបង្ហើបប្រាប់ពីបំណងប្រាថ្នាចង់បានបុត្រស្នងត្រកូលឱ្យបានឆាប់ តែរហូតមកទល់ពេលនេះ ភរិយានៅមិនទាន់បានបង្ហាញអាការថា ឃ្លានម្ជូរនៅឡើយទេ តែយ៉ាងណាក៏ដោយ ឆាយ វីរៈយុទ្ធ រំពឹងថា ភរិយា​នឹងមាន​បុត្រនាពេលឆាប់ៗខាងមុខនេះតាមបំណងប្រាថ្នារបស់ពួកគេទាំងពីរមិនខាន ហើយប្រសិនបើមានដំណឹងល្អពិតមែននោះ លោករំពឹងចង់ទទួលបានបុត្រភ្លោះតែម្ដង ក៏កាន់តែសប្បាយចិត្តទៅទៀត៕

Advertisement