មិនធម្មតា ត្រឹមតែ​ជាង1ឆ្នាំ កញ្ញា រ៉ា​ស៊ីន វាយ​ឡុ​ក​ទីផ្សារ​សម្ដែង និង​បង្ហាញ​ម៉ូដ​យ៉ាងខ្លាំង

កញ្ញា រ៉ា​ស៊ីន គឺជា​តារា​បង្ហាញ​ម៉ូដ និង​សម្ដែង​ស្រី​វ័យក្មេង​មួយ​ដួង​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​គួរ​ជាទី​ទាក់ទាញ ដែល​បច្ចុប្បន្ននេះ​កំពុងតែ​បោះជំហាន​នៅលើ​វិថី​សិល្បៈ និង​ចាប់យក​ទីផ្សារ​ក្នុង​វិស័យនេះ​បាន​យ៉ាងច្រើន​ក្នុង​ដៃ។ ជាក់ស្ដែង នៅត្រឹម​រយៈពេល​ជាង​មួយឆ្នាំ​នៃ​ការចូល​ខ្លួន​ប្រឡូក​ជាមួយនឹង​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ និង​សម្ដែង កញ្ញា ទទួលបាន​ការងារ​ច្រើន​គួរសមដែល​ក្នុងនោះ​រួមមាន​ទាំង​ការងារ​ផ្នែក​បង្ហាញ​ម៉ូដ​នៅក្នុង​ក្រុម​តារា​បង្ហាញ​ម៉ូដ SUN Super Model ការថត​ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក៏ដូចជា​ការសម្ដែង​នៅក្នុង​ខ្សែភាពយន្ត​ភាគ​ខ្មែរ​សម្រាប់​ត្រៀម​ចាក់​បញ្ចាំង​នៅតាម​បណ្តា​ស្ថានីយ៍ទូរទស្សន៍​នានា​ផងដែរ។

បើ​គិត​មកដល់​ដើមឆ្នាំ2018នេះ បទពិសោធ​របស់​កញ្ញា រ៉ា​ស៊ីន ហាក់​នៅមាន​ភាព​តិចតួចស្ដួចស្ដើង​បន្តិច​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​រៀមច្បង​ជំនាន់មុនៗ ប៉ុន្តែ​បើ​គេ​សម្លឹង និង​វាយតម្លៃទៅលើ​សមិទ្ធផល​ការងារ​សិល្បៈ​ដែល​កញ្ញា​ធ្លាប់​បានទទួល ក៏ដូចជា​កំពុងមាន​កាន់​នៅក្នុង​ដៃ​នាពេល​បច្ចុប្បន្ននេះ គឺមាន​មិន​ចាញ់​តារា​ល្បីឈ្មោះ​ជំនាន់មុនៗដែលមាន​បទពិសោធ​ខ្ពស់ និង​ប្រឡូក​ច្រើន​ឆ្នាំ​នោះទេ។ ជាក់ស្ដែង ចាប់តាំងពី​ទទួលបាន​ឱកាស​បាន​ចូលមក​បង្ហាញខ្លួន​ក្នុង​វិស័យ​សិល្បៈ​តាមរយៈ​ការផ្តល់​ឱកាស​ពី​សំណាក់​អ្នកដឹកនាំ​ក្រុម​តារា​បង្ហាញ​ម៉ូដ SUN Super Model កាលពី​ឆ្នាំ​កន្លង​ទៅនោះ កញ្ញា រ៉ា​ស៊ីន​បាន​បន្សាយ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​គួរ​ជាទី​មោទនៈ។

សម្រាប់​បទពិសោធ ក៏ដូចជា​ការងារ​ដែល​អាច​យឹតយោង​សណ្តោង​ប្រជាប្រិយភាព​របស់​កញ្ញា​កាលពីពេល​កន្លងទៅនេះ ក្រៅពី​ជាតា​រា​បង្ហាញ​ម៉ូដ​ជា​ញឹកញាប់​នោះ គឺ​នៅមាន​ការថតស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន និង​ផលិតផលល្បីៗមួយចំនួន ដូចជា ស្ប៉ត​ថ្នាំ​ថែរក្សា និង​បំប៉ន​សម្រស់  Glow ស្ប៉ត​ផលិតផល​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត Smart ស្ប៉ត​ស្រាបៀរ​អង្គរ ក៏ដូចជា​ស្ប៉ត​ដែល​បង្ហាញ​ពី​ការអប់រំ​នៅ​កម្ពុជា ដែល​ជាការ​ផលិតឡើង​របស់​បណ្តា​អង្គការ​នានា​ជាដើម។

ដោយឡែក សម្រាប់​ការងារ​នៅក្នុង​វិស័យ​សម្ដែង​វិញ បច្ចុប្បន្ននេះ កញ្ញា រ៉ា​ស៊ីន ដែលមាន​ស្រុកកំណើត​នៅឯ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជាប់​ព្រំប្រទល់​ស្រុក​បាទី​ខេត្តតាកែវ រូបនេះ ក៏មាន​ភាព​មមាញឹក​គួរសម​ផងដែរ ដោយ​ពេលនេះ​កញ្ញា​កំពុងតែ​ជាប់ដៃ​ជាមួយ​ការថត​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ចំនួន 2រឿង​ផងដែរ រួមមាន​រឿង “បី​សាច​គួរឱ្យ​ស្រឡាញ់” សម្រាប់​ត្រៀម​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង​មួយ​រឿង​ទៀត​កំពុងតែ​សម្រុក​ថត ដើម្បី​ត្រៀម​ចាក់​បញ្ចាំង​នៅ​ស្ថានីយ៍ទូរទស្សន៍​ CTN មាន​ចំណងជើង​ថា “ជ្រោះ​ស្នេហ៍។

ម្យ៉ាងវិញទៀត តារា​ស្រី​វ័យក្មេង​រូបនេះ ក៏​ជា​ពិធី​ការិនី​ដែល​សម្បូរ​សំនួនវោហារ​នៅក្នុង​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយ៍ទូរទស្សន៍​ថោ​ន ដែល​ទើប​បង្កើត​ថ្មី រួម​ជាមួយនឹង​ការងារ​ជា​ពិធី​ការិនី​ប្រចាំ​ផលិតផល​សម្រស់ momo របស់​អ្នកនាង គង់ ចាន់​ស្រីមុំ ផងដែរ៕

Advertisement