កូនស្រីនាង អ៊ីត ត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ភាសាអង់គ្លេសយ៉ាងចាស់ដៃ

តាមរយៈវីដេអូនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមយូធូប នៅថ្ងៃទី30 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះកម្មវិធីប្រគំតន្រ្តីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN បានអញ្ជើញតារាចម្រៀងកិត្តិយសជាច្រើនដួង ព្រមទាំងឃើញមានវត្តមានកូនស្រីរបស់តារាកំប្លែងនាង អ៊ីត គឺកញ្ញា កាឆែត បានឡើងច្រៀងនៅលើឆាកតន្រ្តីនោះផងដែរ ដោយនាងបានច្រៀងទាំងបទចម្រៀងជាភាសាខ្មែរដែលមានចំណងជើងថា “ចូលមកជីវិតអូនធ្វើអ្វី បើគង់ចាកចេញ” និងបទអង់គ្លេសដែលមានចំណងជើងថា “Power Of Love” ទៀតផង។

ដោយឡែក ខណៈដែលកំពុងបកស្រាយបទចម្រៀងភាសាអង់គ្លេសនោះ គេសង្កេតឃើញថា តារាស្រីវ័យក្មេងរូបនេះបានបញ្ចេញសមត្ថភាពច្រៀងយ៉ាងមានទេពកោសល្យ និងមានទំនុកចិត្ត ដូចជាតារាចម្រៀងអាជីពដូច្នោះដែរ។ មិនថាតែកន្លែងដែលត្រូវឡើងតុងខ្ពស់ ឬកន្លែងដែលត្រូវស្រែកដោយប្រើថាមពលខ្លាំងនោះទេ ពោលគឺកញ្ញា កាឆែត អាចធ្វើបានគ្រប់ជ្រុងជ្រោយ ទាំងការគ្រប់គ្រងសំឡេង និងការបង្ហាញពីទេពកោសល្យពីកំណើតរបស់ខ្លួនបានយ៉ាងល្អ។

ប៉ុន្តែ ក្រុមអ្នកលេងបណ្ដាញសង្គមខាងលើមួយចំនួនបានបញ្ចេញការរិះគន់ចំពោះកញ្ញា កាឆែត យ៉ាងចាស់ដៃតែម្ដងដោយពួកគេបានលើកឡើងថា «បើការប្រើប្រាស់ភាសាអង់គ្លេសនៅស្ទើរអ៊ីចឹង ចាំបាច់ខំយកមកច្រៀងធ្វើអ្វី? សំឡេងដោយសំឡេង ច្រៀងខុសតុងបន្លំៗ ស្តាប់មិនយល់សោះ!»។ ឯខ្លះទៀតក៏បាននិយាយដែរថា «គាត់ច្រៀងបទ The power of love ស្តាប់អត់បានសោះ! បន្លំប៉ារ៉ូលស្ទើរតែទាំងអស់ និងច្រៀងខុសតុង… ម្តងចុះ ម្តងឡើង ចេះតែស្រែកៗ ឡើងឲ្យតែបានឮៗ។ មិនមែនបង្អាប់គាត់ទេ តែនិយាយតាមអ្វី ដែលមើលឃើញ!»។ កាន់តែពិសេសជាងនេះគឺ «ហេតុតែគេមានខ្សែ  អ្នកទៅប្រឡងច្រៀងពីរោះចង់ងាប់ អត់ជាប់! បែរជាមកឱ្យកូនតារាកំប្លែងច្រៀងទៅវិញ អត់ទាំងបានប្រឡងបន្ដិចផង»៕

Advertisement