ប៊ុ​ត សីហា ត្រឡប់​ទៅ​កាប់​ដី​ធ្វើស្រែ​នៅ​ស្រុកកំណើត​វិញ?

លោក ប៊ុត សីហា ត្រូវបាន​ប្រជាជន​ទូទាំងប្រទេស រហូត​ធ្លាយ​ចេញទៅ​ដែនដី​ឯនាយសមុទ្រ​បាន​ស្គាល់ និង​ដឹង​ឮថា ជា​ម្ចាស់​ជ័យលាភី The Voice Cambodia រដូវ​កាល​ទីមួយ តាមរយៈ​កម្មវិធី​ប្រកួត​ជ្រើសរើស​រក​អ្នកមាន​សំឡេង​ពីរោះ​លំដាប់​ពិភពលោក ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ហង្ស​មាស។ ប៉ុន្តែ​អ្វីដែល​ជាការ​គួរឱ្យ​ងឿងឆ្ងល់​នោះ​គឺ​បន្ទាប់ពី​ក្លាយជា​ម្ចាស់​ពាន និង​មានឱកាស​
បានចេញ​បទ​ចម្រៀង​ត្រឹម​ប៉ុន្មាន​បទ ពេលនេះ​មុខមាត់​របស់​តារាចម្រៀង​រូបនេះ​ហាក់​ត្រូវបាន​គេ​ភ្លេច​បាត់ទៅហើយ ព្រោះ​កុំថាឡើយ​មិនមាន​បទ​ចម្រៀង​ថ្មី​ចេញ​ចរាចរណ៍​នៅលើ​ទីផ្សារ សូម្បីតែ​ការ​លេចមុខ​នៅលើ​ឆាក​ប្រគំ​តន្ត្រី​កម្សាន្ដ​ប្រចាំ​សប្ដាហ៍ ឬ​កម្មវិធី​តន្ត្រី​ទេសចរណ៍​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា ដែល​ក្រុមហ៊ុន​ហង្ស​មាស​ផ្ទាល់​កំពុង​រៀបចំ​យ៉ាង​គគ្រឹកគគ្រេង​នោះ ក៏​គ្មាន​វត្តមាន​របស់លោក​នោះដែរ។

ខុសប្លែក​ពី​បណ្តា​តារា​ប្រុស​ស្រី​ស្ទើរ​ទាំងអស់​របស់​ផលិតកម្ម​ហង្ស​មាស ដែល​កំពុងមាន​សកម្ម​ភាព​យ៉ាង​គគ្រឹកគគ្រេង និង​មមាញឹក​ស្ទើរ​គ្មាន​ពេល​សម្រាក​ផង​នោះ ដោយឡែក​សម្រាប់​តារាចម្រៀង​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទីមួយ ប៊ុត សីហា បែរ​ជាមាន​ភាពស្ងប់ស្ងាត់​ដូច​ចោរលួច​សេះ​ទៅវិញ។ ប្រការនេះ​បង្កើតឱ្យមាន​ការសង្ស័យ និង​លើក​ជា​ចម្ងល់​ថា ហេតុអ្វី​បានជា​តារា​ម្នាក់នេះ​មាន​សភាព​ដូច្នេះ​ទៅវិញ? ឬមួយ​ត្រូវបាន​ផលិតកម្ម​ហង្ស​មាស​ទាត់ចោល ហើយរ​ត់ទៅ​កាប់​ដី ដក​ស្ទូង ជា​ប្រភពដើម​របស់ខ្លួន​នៅឯ​ខេត្តកំពង់ស្ពឺ ដែលជា​ស្រុកកំណើត?

ស្របទៅនឹង​ចម្ងល់ និង​ការលើកឡើង​ខាងលើនេះ​ត្រូវបាន​ប្រភព​ដែលជា​សមាជិក​ក្រុមការងារ​នៅ​ហង្ស​មាស បង្ហើប​ប្រាប់​យ៉ាង​ដូច្នេះ​ថា៖​ តាមពិត​សម្រាប់​សមាជិក​ដែល​ស្ថិតនៅក្រោម​
ដំបូល​ហង្ស​មាស​ទាំងអស់ គឺ​សុទ្ធតែ​ត្រូវបាន​ក្រុមហ៊ុន​យកចិត្តទុកដាក់ និង​ជំរុញ រួមជាមួយ​ការលើកទឹកចិត្ត​ជួយ​បណ្ដុះបណ្តាល ដើម្បី​ឱ្យមានការ​អភិវឌ្ឍ​ទាំងអស់​គ្រប់គ្នា រាប់ចាប់ពី​បុគ្គលិក​
ផ្នែក​សន្តិសុខ​ឡើងទៅ។ សម្រាប់​តារាចម្រៀង​ទាំង3ផលិតកម្ម ក៏​សុទ្ធតែ​ទទួលបាន​ការជួយជ្រោមជ្រែង​ទាំង​សូម្បីតែ​ក្មេង​ដែលមាន​អាយុ​ត្រឹម​ជាង10ឆ្នាំ ក៏មាន​ទីផ្សារ​ច្រើន​ស្ទើរតែ​គ្មាន​
ពេល​សម្រាក​ផង។ ដោយឡែក សម្រាប់​ករណី​របស់​តារាចម្រៀង ប៊ុត សីហា ហាក់​មាន​ភាពខុសប្លែក​ពី​គេ​បន្តិច។ មិនមែន​ក្រុមហ៊ុន​មិន​ជួយ​ជំរុញ​នោះទេ ប៉ុន្តែ​រុញ​មិន​រួច ច្រាន​មិន​ទៅ ស្ទូច​មិន​ឡើង ដែល​វា​ពាក់ព័ន្ធ​ទៅនឹង​អត្តចរិត​ដើម​ផ្ទាល់ខ្លួន​ពី​កំណើត​តែម្ដង។

ប្រភព​ដដែល​បន្ថែមទៀត​ថា ៖ “ភាគច្រើន ប៊ុត សីហា តែង​ត្រូវបាន​ក្រុមការងារ ក៏ដូចជា​អ្នក​សហការ​ថត​រិះគន់​ទៅលើ​អត្តចរិត​ក្រ​អើត​ក្រ​ទម ធ្វើ​ការមិន​គោរព​ពេលវេលា ដែល​សូម្បីតែ​
ថ្នាក់ដឹកនាំ​ផ្តល់​ការណែនាំ​ក៏​មិន​ជម្រុះ​ចំណុច​អវិជ្ជមាន​ដែល​ធ្លាប់មាន​ពីមុនមក​នោះឡើយ ដូច្នេះហើយ​បានជា​ក្រុមហ៊ុន​ហាក់​ដក​ទំនុកចិត្ត​លើ​រូបគាត់​តែម្ដង”។ យ៉ាងណាក៏ដោយ​ដំណើររឿង​ទាំងអស់​ខាងលើនេះ​គេ​នៅ​មិនទាន់​អាច​យក​ជា​ផ្លូវ​ការច្បាស់​នៅឡើយ ខណៈដែល​មិនទាន់មាន​ការពន្យល់​ប​ក​ស្រាយ​បញ្ជាក់​ពី​សំណាក់​តារាចម្រៀង​រូបនេះ​នៅឡើយ​នោះទេ៕

Advertisement