ថន លក្ខិណា សប្បាយ​កើប​លុយ​ពេក​រហូត​ជំងឺ​ធ្វើទុក្ខ

ចាប់តាំងពី​ដើមឆ្នាំ2017រហូតមក ពិធី​ការិនី​និង​ជា​តារា​សម្ដែង​ម្ដងម្កាល កញ្ញា ថន លក្ខិណា​ត្រូវបាន​គេ​សម្លឹង​ឃើញថា បាន​បង្កើន​ប្រជាប្រិយភាព​របស់ខ្លួន​ខ្លាំង​ទ្វេដង រួមជាមួយ​នឹង​ការទទួលបាន​ការងារ​ជាច្រើន​កាន់កាប់​ក្នុង​ដៃ ជាពិសេស បន្ទាប់ពី​ជាប់​ឈ្មោះ​ជាតា​រា​តំណាងឱ្យ​ផលិតផល​តែ​បៃតង​អី​ុ​ឈី​តាន់ ក៏ដូចជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស។ ជាមួយនឹង​ការបង្កើន​ភាពល្បីល្បាញ និង​មាន​ការងារ​មមាញឹក​ខាងលើនេះ ពិធី​ការិនី​ដែលមាន​ស្រុកកំណើត​នៅឯ​ខេត្តកោះកុង​ម្នាក់នេះ​មានឱកាស​កើប​លុយ​បាន​យ៉ាង​សន្ធឹកសន្ធាប់ រហូត​ភ្លេចខ្លួន​មាន​ជំងឺ​ដោយ​បញ្ហា​ឈឺក្រពះ​ដែល​តម្រូវឱ្យមាន​ការពិនិត្យ និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត។

ក្រោយពី​បាន​ក្លាយខ្លួនជា​តារា​តំណាង​ផលិតផល​តែ​បៃតង​អី​ុ​ឈី​តាន់​ភ្លាម ថន លក្ខិណា បានក្លាយ​ទៅជា​ពិធី​ការិនី​លំដាប់​កំពូល​មួយរូប​ដែលមាន​កម្មវិធី​កាន់កាប់​ក្នុង​ដៃ​យ៉ាងច្រើន រួម​ជាមួយនឹង​ការទទួលបាន​ប្រាក់ចំណូល​កប់​ក្តោង​រាប់ម៉ឺន​ដុល្លារ​ក្នុងមួយខែៗរហូត​ភ្លេច​គិតពី​សុខភាព បណ្ដែត​បណ្តោយឱ្យ​កើតមាន​ជំងឺ​ដោយ​បញ្ហា​ក្រពះ។

ដោយ​មិន​មានការ​លាក់បាំង ថន លក្ខិណា បាន​ប្រាប់​ឱ្យដឹងថា “ជំងឺ​ក្រពះ​នេះ​បាន​កើតមាន​ជា​យូរណាស់​មកហើយ គ្រាន់តែ​កាលពីមុន​វា​មិនសូវ​ធ្វើទុក្ខ​ខ្លាំង។ គ្រូពេទ្យ​ប្រាប់ថា វា​បណ្តាលមកពី​ការទទួល​ទាន​មិន​ទៀងទាត់។ មែន​បង…ភាគតិច​ណាស់​ដែល​បាន​ញាំ​ុ​បាយ​ទាន់ពេល ជូន​កាល​បាយ​ថ្ងៃត្រង់​របស់ខ្ញុំ គឺ​ម៉ោង3 ឬ​ម៉ោង4ល្ងាច ក៏មានដែរ ឬ​ពេលខ្លះ​ញាំ​ុ​បាយល្ងាច​ជំនួស​បាយ​ថ្ងៃត្រង់​ក៏មានដែរ។ កញ្ញា បាន​បន្តទៀតថា “ពេល​វា​ធ្វើទុក្ខម្ដងៗពិបាក​ទ្រាំ​ណាស់ ហើយ​ពេលនេះ​គ្រូពេទ្យ​ឱ្យ​ញាំ​ុ​ថ្នាំ​ជាប់​ជាប្រចាំ ហើយ​កំណត់​ឱ្យមាន​ពេល​សម្រាក​គ្រប់គ្រាន់ និង​ត្រឹមត្រូវ ជាពិសេស ត្រូវ​យកចិត្តទុកដាក់​ញាំ​ុ​បាយ​ឱ្យ​ទៀងពេល​វិញ។ យ៉ាងណាក៏ដោយ លក្ខិណា ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​ជំងឺ​ក្រពះ​ដែល​តែង​ធ្វើទុក្ខ​ជា​ញឹកញាប់​នេះ នាង​មិនបាន​ប្រាប់​ឱ្យ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​របស់​នាង​បានដឹង​នោះឡើយ ខណៈដែល​អ្នក​ម្តាយ​រូបនេះ​ក៏មាន​បញ្ហា​សុខភាព​មិនសូវ​រឹងមាំ​ផងដែរ​នោះ។

គួរកត់សម្គាល់​ផងដែរ​ថា កញ្ញា ថន លក្ខិណា នាពេល​បច្ចុប្បន្ននេះ​បានក្លាយ​ទៅជា​ពិធី​ការិនី​ឈានមុខ ដែល​ស្ថិតនៅ​លំដាប់​កំពូល និង​មាន​កម្មវិធី​ជាច្រើន​កាន់​នៅក្នុង​ដៃ រាប់ទាំង​ការងារ​ជា​ពិធី​ការិនី​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ CTN ក៏ដូចជា​ស្ថានីយទូរទស្សន៍​ហង្ស​មាស ដែលមាន​កម្មវិធី​តន្ត្រី​កម្សាន្ត អី​ុ​ឈី​តាន់ និង​តន្ត្រី​ខា​រ៉ា​បាវ​ប្រចាំ​សប្ដាហ៍ រួម​ជាមួយនឹង​ការប្រគំ​តន្ត្រី​ទេសចរណ៍​តាម​បណ្តា​ខេត្ត​ក្រុង​រៀងរាល់​សប្ដាហ៍​ផងដែរ។ បន្ថែម​ពីនេះ​នៅមាន​កម្មវិធី​ជា​លក្ខណៈ​ឯកជនផ្សេងៗជាច្រើន​ទៀត ដូចជា ការសម្ពោធ​ក្រុមហ៊ុន និង​ការបង្ហាញ​ផលិតផល​ថ្មី​ជាដើម៕

Advertisement