ម្ចាស់បទ “Zombie” ទទួលមរណភាពដោយមិនដឹងមូលហេតុ

នៅថ្ងៃទី15 ខែមករា ឆ្នាំ2018  សារព័ត៌មាន AP បានចេញផ្សាយពីហេតុការណ៍ដ៏គួរឱ្យរន្ធត់ និងសោកសៅបំផុតនៅក្នុងពិភពសិល្បៈតន្ត្រីពិភពលោកដោយសារតារាស្រីអ្នកច្រៀងនាំមុខក្រុមចម្រៀង The Cranberry ដែលមានឈ្មោះថា Dolores Orion Dan បានស្លាប់បាត់បង់ជីវិតយ៉ាងទាន់ហន់ក្នុងវ័យ 46​ឆ្នាំ និងជាម្ចាស់បទ “Zombie” ដ៏ល្បីល្បាញ។

សារព័ត៌មានដដែលបានអះអាងថា អ្នកនាំពាក្យរបស់តារាស្រី Orion Dan បានរៀបរាប់ថា តារាចម្រៀងរូបនេះបានបាត់បង់ជីវិតនៅក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុងឡុងដ៍ តែនៅមិនទាន់មានការប្រកាសពីមូលហេតុពិតប្រាកដនៃការស្លាប់នៅឡើយទេ  ខណៈដែលក្រុមគ្រួសារ និងមិត្តសម្លាញ់របស់នាងបានប្រាប់ថា មរណភាពនេះអាចបណ្ដាលមកពីរឿងផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ។ អ្នកនាំពាក្យដដែលនេះបានបន្ដទៀតថា «យើងទទួលបានដំណឹងថា នាងបានបាត់បង់ជីវិតក្នុងអំឡុងពេលដែលនាងទៅសម្ដែងនៅទីក្រុងឡុងដ៍ តែយ៉ាងណា យើងនៅមិនទាន់ទទួលបានព័ត៌មានលម្អិតទេ»។

គួរបញ្ជាក់ផងដែរថា ការស្លាប់របស់តារាស្រីល្បីឈ្មោះវ័យ 46 ឆ្នាំនេះ ត្រូវបានមជ្ឈដ្ឋានមហាជនសង្ស័យថា បណ្ដាលមកពីបញ្ហាសុខភាពរបស់នាង ព្រោះថា នៅអំឡុងឆ្នាំ 2017 តារាស្រីខាងលើនេះ មានគម្រោងប្រគំតន្ត្រីទេសចរណ៍ទៅតាមបណ្ដាតំបន់ជាច្រើននៅក្នុងសហរដ្ឋអាមេរិក សភាពអឺរ៉ុប និងចក្រភពអង់គ្លេស ផងដែរ។

គួររំឭកដែរថា Orion Dan បានចូលប្រឡូកនៅក្នុងពិភពសិល្បៈតន្រ្តី និងចម្រៀងជាក្រុមធំនៅឆ្នាំ1998 ដែលមានសមាជិកក្រុមដូចជា Noel Hogan, Mike Hogan, Fergal Lawler, និង Niel Quinn ក្រោយមកក៏បន្ថែម Quinn Split នៅឆ្នាំ1990 ម្នាក់ទៀត។

សូមជម្រាបបន្ថែមថា ក្រុមតន្ត្រី និងចម្រៀង The Cranberry បានសម្រេចចិត្តបំបែកក្រុមម្ដងហើយនៅអំឡុងឆ្នាំ 2003 តែនៅឆ្នាំ 2009 ក៏សម្រេចផ្សះផ្សាគ្នាវិញ ហើយបានផលិតបទចម្រៀងទាំងអស់ 7 អាល់ប៊ុម៕

Advertisement