កំពូលតារាចម្រៀង Sam Smith និងគូស្នេហ៍គ្រោងរៀបមង្គលការនៅអូស្ត្រាលី

យោងតាមសារព័ត៌មាន Dialy Mail ដែលបានចេញផ្សាយនៅពេលថ្មីនេះៗបានឱ្យដឹងថា កំពូលតារាចម្រៀង Sam Smith និងគូស្នេហ៍លោក Brandon Flynn ​គ្រោងរៀបមង្គលការនៅក្នុងប្រទេសអូស្ត្រាលី។ នេះបើតាមការអះអាងរបស់ទស្សនាវដ្តីល្បីឈ្មោះ NW បានទម្លាយព័ត៌មានមកថា តារាចម្រៀង Sam Smith  និងតារាសម្ដែងនៅក្នុងរឿង “13 Reasons Why” លោក Brandon Flynn បានតៀមខ្លួនរួចជាស្រេចក្នុងការសម្រេចក្ដីស្រមៃរបស់ពួកគេក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។

ប្រភពមួយបានបញ្ជាក់កាលពីថ្ងៃច័ន្ទកន្លងមកថា គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ មិនបានភ្ជាប់ពាក្យនឹងគ្នាពីមុនមកទេ តែពួកគេបានពិភាក្សាគ្នាថា ពួកគេនឹងសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសអូស្ដ្រាលី នៅក្នុងអំឡុងពេលមួយសប្ដាហ៍ទៀត បន្ទាប់ពីប្រទេសនេះបានអនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់ភេទដូចគ្នារួចហើយ។ ប្រភពដដែលបានបន្ដថា តារាចម្រៀងរូបនេះ បានគិតគូររៀបចំកន្លែងពិសេសមួយសម្រាប់រៀបអាពាហ៍ពិពាហ៍ដ៏ភ្ញាក់ផ្អើលបំផុតសម្រាប់គូស្នេហ៍ភេទដូចគ្នារបស់លោក។

ប្រភពទស្សនាវដ្ដីខាងលើក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នកំពូលតារាចម្រៀង Sam Smith និងគូស្នេហ៍របស់លោកកំពុងស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ហើយបានបញ្ចេញសកម្មភាពវិជ្ជមានជាច្រើននៅក្នុងភោជនីយដ្ឋានល្បីមានឈ្មោះ  Jonah ស្ថិតនៅក្នុងតំបន់ Palm Beach ដែលជាកន្លែងរៀបចំអាពាហ៍ពិពាហ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេស អូស្ដ្រាលី ៕

Advertisement