ប៉ូលិសឃាត់ខ្លួន Mario Maurer បង្កជម្លោះជាមួយអ្នកបើករថយន្ដតាក់ស៊ី

តាមរយៈសារព័ត៌មាន Teenee ដែលចេញផ្សាយនៅថ្ងៃទី9 ខែមករា ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាសម្ដែងឯកប្រុស Mario Maurer បានបើករថយន្ដប្រណីតរបស់ខ្លួនប្រជែងមុខរថយន្ដតាក់ស៊ីបណ្ដាលឱ្យមានជម្លោះជេរគ្នាទៅវិញទៅមក រហូតដល់អ្នកបើកតាក់ស៊ីក្ដៅស្លឹកត្រចៀកខ្លាំង ក៏ទាញចម្ពាមកៅស៊ូ មកបាញ់កញ្ចក់រថយន្ដរបស់តារាសម្ដែងប្រុសរូបនេះ បែកខ្ចាយ។ មន្ត្រីប៉ូលិសបានឃាត់ខ្លួនតារាឯកប្រុសរូបនេះ និងអ្នកបើករថយន្ដតាក់ស៊ីនៅក្នុងស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរដំណើររឿង។

អ្នកបើករថយន្ដតាក់ស៊ីបានប្រាប់មន្ត្រីប៉ូលិសថា មុនពេលកើតហេតុ លោកបានបើករថយន្ដតាមបណ្ដោយផ្លូវ ផ្រៈរ៉ាម 6 រួចបត់ស្ដាំ លុះមកដល់ផ្លូវបំបែកក៏ត្រូវរថយន្ដរបស់តារាសម្ដែងប្រុស Mario Maurer បើកវ៉ាប្រជែងកាត់មុខរថយន្ដលោក ថែមទាំងបើកកញ្ចក់មកជេរស្ដីបន្ទោសលោកទាំងសម្ដីមិនសមរម្យទៀតផង។ មុនពេលដែលបានជេរតបគ្នាទៅវិញទៅមក លោក និងតារាប្រុសរូបនេះ បានបើករថយន្ដមកចតម្ដុំហួសភ្លើងស្ដុបផ្លូវបំបែកប្រៈទូណាម  គិតថាបម្រុងនឹងចុះមកនិយាយសម្របសម្រួលគ្នា តែផ្ទុយទៅវិញ លោកទ្រាំនឹងសម្ដីរបស់តារាប្រុសរូបនេះមិនបាន ក៏ទាញចម្ពាមកៅស៊ូ និងគ្រាប់ដុំថ្មពីក្នុងរថយន្ដ ហើយបាញ់បំបែកកញ្ចក់រថយន្ដខ្លួនឯងខាងឆ្វេង និងធ្លាយទៅបំបែកកញ្ចក់រថយន្ដតារាប្រុសរូបនេះខាងស្ដាំ បណ្ដាលឱ្យកញ្ចក់រថយន្ដទាំងពីរគ្រឿងបែកខ្ចាយក្នុងពេលតែមួយតែម្ដង។

ចំណែកឯតារាសម្ដែងវ័យ 29 ឆ្នាំរូបនេះបាននិយាយថា លោកសូមមិនផ្ដល់សម្ភាសន៍អ្វីទាំងអស់ ពាក់ព័ន្ធជាមួយករណីដែលបានពោលខាងលើនេះ លោកសូមបញ្ចប់ និងមិនចង់ឱ្យមានរឿងកាន់តែធំជាងនេះតទៅទៀតទេ។ គួរបញ្ជាក់ផងដែរថា មន្ដ្រីបូលិសបានសម្រេចឱ្យតារាសម្ដែងប្រុសខាងលើនេះ សងថ្លៃការខូចខាត និងសងថ្លៃជំងឺចិត្តចំពោះការបង្កហេតុមិនល្អទៅលើអ្នកបើករថយន្ដតាក់ស៊ីក្នុងប្រាក់សំណងសមរម្យមួយ ដើម្បីបញ្ចប់រឿងត្រឹមហ្នឹង៕

Advertisement