លស់ព្រលឹង!! Sunny និយាយរឿងជួបខ្មោចក្នុងបន្ទប់គេងរបស់ Girls’ Generation

យោងតាមសារព័ត៌មាន Koreaboo ដែលចេញផ្សាយនៅថ្ងៃទី5 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា តារាចម្រៀងស្រី Sunny បានផ្ដល់បទសម្ភាស និងរៀបរាប់ពីហេតុការណ៍ជួបវិញ្ញាណខ្មោចលងនៅក្នុងអគារស្នាក់នៅផ្ទាល់របស់ក្រុមចម្រៀងស្រី Girls’ Generation។

តារាស្រីរូបនេះបានរៀបរាប់ថា «កញ្ញា Yuri និងនាងខ្ញុំ គឺជាមិត្តរួមបន្ទប់ជាមួយគ្នានៅក្នុងអគារស្នាក់នៅរបស់ពួកយើង។ Yuri នាងគេងបណ្ដើរ លេងកុំព្យូទ័របណ្ដើរនៅលើគ្រែ។ មានសមាជិកដទៃទៀតបាននិយាយប្រាប់ខ្ញុំថា ពួកគេឃើញខ្ញុំ និងYuri កំពុងតែគេងចុចកុំព្យូទ័រជាមួយគ្នានៅលើគ្រែ។ ពួកគេឃើញខ្ញុំទម្លាក់សក់វែងបាំងមុខជិត មើលមិនឃើញមុខខ្ញុំទេ ក៏ប៉ុន្ដែ នៅពេលនោះខ្ញុំប្រាកដក្នុងចិត្តខ្លួនឯងច្បាស់ណាស់ថា ខ្ញុំនៅឯក្នុងបន្ទប់ទឹកនៅឡើយទេ។ នារីម្នាក់ដែលពួកគេនិយាយថាឃើញនោះ មិនមែនរូបខ្ញុំទេ ព្រោះមុនពេលខ្ញុំចូលបន្ទប់ទឹក  Yuriនាងនៅតែម្នាក់ឯងទេនៅលើគ្រែ»។ បើទោះបីជាការរៀបរាប់ដំបូងនេះ វិញ្ញាណខ្មោចមិនបានលងបន្លាច Sunny មែន តែហេតុការណ៍បន្ទាប់មក ពិតជាគួរឱ្យភ័យខ្លាចណាស់…។

Sunny បានរៀបរាប់បន្ដថា «មានយប់មួយនោះ ខ្ញុំភ្ញាក់ដឹងខ្លួនឡើងនៅពេលកណ្ដាលអធ្រាត្យ ព្រោះខ្ញុំមានអារម្មណ៍ថា វិលមុខ និងឈឺក្បាលខ្លាំងណាស់។ ខ្ញុំគិតថា ហេតុអ្វីបាននៅសុខៗ ស្រាប់តែមានអាការបែបហ្នឹងអ៊ីចឹង?។ ខ្ញុំក៏ចុះពីលើគ្រែ ហើយឱនមើលទៅក្រោមគ្រែ ពេលនោះស្រាប់តែឃើញស្រីម្នាក់កំពុងចាប់អង្រួនជើងគ្រែរបស់ខ្ញុំពីម្ខាងទៅម្ខាង ដោយដៃរបស់នាង។ ខ្ញុំមិនច្បាស់ថា វាជាការយល់សប្តិឬយ៉ាងណានោះទេ តែខ្ញុំប្រាកដក្នុងចិត្តណាស់ថា ខ្ញុំបានឃើញហើយភ័យខ្លាចខ្លាំងណាស់ ប៉ុន្ដែឥឡូវនេះ ខ្ញុំមិនអីទេ។ នៅយប់នោះ ខ្ញុំគេងទាំងភ័យញាប់ញ័រនៅក្នុងបន្ទប់ផ្សេងមួយទៀត ដែលនៅជាប់គ្នា។ ខ្ញុំបានសួរទៅកាន់ Yuri ថា តើនាងមិនអីទេឬនៅពេលចូលគេងនៅក្នុងបន្ទប់របស់យើង?»៕

Advertisement