សួស វីសា និយាយពីរឿងស្នេហាជាមួយកំលោះវ័យក្មេង ថមមី

នៅពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការផ្ទុះឡើងនូវរឿងរ៉ាវស្នេហាលួចលាក់របស់តារាចម្រៀងស្រី ជាមួយសមាជិកក្រុមរាំរបស់ខ្លួន ហើយព័ត៌មានដែលត្រូវបានគេទម្លាយពីរឿងកញ្ញា សួស វីសា លួចបង្កាត់ភ្លើងស្នេហាជាមួយប្រុសក្មេងថមមី ធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍នៅពេលនេះ និងបានធ្វើឱ្យតារាស្រីរូបនេះភ័យបះសក់ច្រូង ថែមទាំងចេញមុខមកបកស្រាយពីរឿងរ៉ាវស្នេហារបស់ខ្លូនភ្លាមៗ ដោយមិនបង្អង់យូរឡើយ។

តាមរយៈរូបថតជាច្រើនសន្លឹកដែលស្ដែងពីភាពស្អិតល្មួតរវាងតារាស្រីរូបនេះ ជាមួយកំលោះសង្ហាមានសាច់ដុំពោះកង់ៗ ថមមី មិនអាចទប់ចិត្តមហាជនមិនឱ្យគិតថា នាងគ្មានទំនាក់ទំនងស្នេហាបានឡើយ។ តែដោយឡែក វីសា បានចេញមុខបកស្រាយថា «ចង់ប្រាប់រឿងមួយដល់អ្នកគាំទ្រនឹងស្រឡាញ់ចូលចិត្តខ្ញុំទាំងអស់ឱ្យបានដឹងថា រឿងនេះ ខ្ញុំចង់ជម្រាប និងបញ្ជាក់ឱ្យច្បាស់ជាយូរមកហើយ។ ខ្ញុំសូមជម្រាបដល់បណ្តាអ្នកគាំទ្រខ្ញុំទាំងអស់ និងបងៗសារព័ត៌មានថា ខ្ញុំ សួស វីសា ជាមួយប្អូនប្រុស ថមមី គ្មានទំនាក់ទំនងស្នេហាអ្វីទេ»។

កញ្ញា សួស វីសា  បានបញ្ជាក់បន្តថា គ្រប់យ៉ាងពួកនាងគ្រាន់តែសម្តែងប៉ុណ្ណោះ ហើយពួកនាងស្រឡាញ់រាប់អានគ្នាដូចបងប្អូនបង្កើត រីឯថមមី អាយុប្អូននាងដល់ទៅបីឆ្នាំ ហើយនាងស្រឡាញ់គេ ដូចប្អូនប្រុសបង្កើតដោយមិនចង់ថែមថយអីទៀតទេ ។ នាងបន្ដថា «សូមបកស្រាយខ្លីៗ វាជាការពិត ងាយយល់ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងអស់ចម្ងល់ទៀតមិនខាន ហើយណាមួយការចេញមុខបញ្ជាក់បែបនេះ គឺដោយសារពួកខ្ញុំក៏ចង់បានស្នេហាមែនទែន ដូចគេដូចឯងដែរ ព្រោះអាយុច្រើនហើយ បើរវល់តែសម្តែងជាមួយគ្នាអ៊ីចឹងទៀត កាលណានឹងមានគូស្នេហ៍មែនទែននឹងគេ??? នេះឆ្នាំ 2018 ហើយ មិនចង់ single ទៀតទេ សុំទោសដល់ ALL MY FANS ផងណាដែលធ្វើឱ្យឆ្ងល់អស់មួយរយៈ…»។

សូមជម្រាបបន្ថែមថា ការបែកធ្លាយរឿងរ៉ាវ សួស វីសា ស្អិតល្មួតជាមួយប្រុសក្មេងថមមី នៅពេលនេះបានធ្វើឱ្យមហាជនគិតថា នាងគ្រាន់តែចង់លប់ដានស្នេហាចាស់ជាមួយអតីតគូដណ្តឹងរបស់នាង គឺលោកមាស សាឡី ដែលបានរៀបការប្រពន្ធថ្មីចោលនាង ក្រោយពេលបែកបាក់គ្នាដោយភាពចម្រូងចម្រាស កាលពីឆ្នាំ2010 នោះប៉ុណ្ណោះ៕

Advertisement