មាស សុខសោភា បំបែកឯតទគ្គកម្មផ្នែកម៉ូដសម្លៀកបំពាក់បានមួយទៀតហើយ

នាពេលថ្មីៗនេះ ក្រៅពីត្រូវបានជ្រើសរើសឱ្យធ្វើជាទូតសុឆន្ទៈរបស់ផលិតផលល្បីៗហើយនោះ កញ្ញាមាស សុខសោភា ដែលជាកំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបំបែកឯតទគ្គកម្មផ្នែកម៉ូដសម្លៀកបំពាក់បានមួយទៀតហើយ និងបានធ្វើការដាក់បង្ហាញជាលើកដំបូង នូវពានរង្វាន់អាណាចក្រតារា និងរ៉ូបជាទីស្រឡាញ់របស់ខ្លួនដែលបានរចនា និងច្នៃប្រឌិតម៉ូដចេញពីក្រណាត់សារុង និងក្រណាត់ខ្មៅប៉ាក់ឌិនក្បាច់ដ៏មានតម្លៃ នៅក្នុងបរិវេណភោជនីយដ្ឋានដ៏ល្បីឈ្មោះលំដាប់ពិភពលោកដែលមានបម្រើមុខម្ហូបបែបអាមេរិកដែលទើបតែបើកសាខាថ្មីនៅទីក្រុងភ្នំពេញ។

ជាមួយនឹងភាពរួសរាយរាក់ទាក់ ទឹកដមសំនៀងដ៏ក្រអូនក្រអៅ ពីរោះ និងស្នូរតន្ត្រីចម្រុះឧបករណ៍ពិសេសខ្នាតធំ Rock”N Roll ដ៏សែនកន្ត្រាក់អារម្មណ៍របស់កញ្ញា មាស សុខសោភា បានញុំាងឲ្យការទទួលទានអាហារ របស់ភ្ញៀវកិត្តិយស ដៃគូសហការ និង អ្នកគាំទ្រ (Fans) របស់ខ្លួននៅភោជនីយដ្ឋាន ហាតរ៉ក់ កាន់តែមានឱជារស និងបរិយាកាស អ៊ូអរសប្បាយរីករាយយ៉ាងក្រៃលែង។

កញ្ញាមាស សុខសោភា បានឲ្យដឹងថា កញ្ញាពិតជាមានមោទនភាពខ្លាំងណាស់ ដោយពានរង្វាន់អាណាចក្រតារា និងរ៉ូបជាទីស្រឡាញ់ ដ៏មានតម្លៃត្រូវបានអនុញ្ញាតឲ្យដាក់តាំងបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ នៅភោជនីយដ្ឋាន លំដាប់ពិភពលោកមួយនេះ៕

Advertisement