នាំគ្នាមកស្គាល់ពីប្រវត្តិបទចម្រៀង “TakTunTuang” ដែលកំពុងកក្រើកពេញពិភពលោក

បទចម្រៀង “TakTunTuang” ជាការនិពន្ធ និងបកស្រាយដោយអ្នកនាង Upiak Isli ដែលត្រូវបាននិពន្ធទំនុកច្រៀង និងសម្រួលតន្ត្រីតាំងតែពីអំឡុងខែវិច្ឆិកា ឆ្នាំ​2014 មកម្ល៉េះ ហើយត្រូវបានអ្នកគាំទ្ររបស់អ្នកនាងយកមកបង្ហោះឡើងវិញនៅលើបណ្ដាញសង្គមយូធូប។ អស់រយៈពេលជាង 3 ឆ្នាំមកហើយដែលបទចម្រៀងនេះទទួលបានការគាំទ្រនៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី តែនៅឆ្នាំ 2017 នេះ បទចម្រៀងមួយបទនេះស្រាប់តែទទួលបានគាំទ្រយ៉ាងគគ្រឹក​គគ្រេងពីបណ្ដាប្រទេសនានានៅលើពិភពលោក ដោយចាប់ផ្ដើមបែកគំនិតចេញពីប្រទេសថៃ។

តារាចម្រៀង  Upiak Isli ឬមានឈ្មោះពិតថា Silvia Nanda មានវ័យ 32 ឆ្នាំ ជាសិល្បការិនីចម្រៀង រ៉ុក និងចម្រៀងបែបបែកស្លុយជាទីពេញនិយមរបស់យុវវ័យ បានផលិតវីដេអូចម្រៀងនេះជាថ្មីម្ដងទៀត ដោយបានបង្ហោះនៅលើគណនីយូធូប MVM MUSIC នៅថ្ងៃទី29 ខែវិច្ចិកា ឆ្នាំ2017កន្លងមក ហើយមកទល់ពេលនេះ ម៉ោងនេះ មានអ្នកចូលទស្សនាចំនួន 11,043,017 ដងហើយ។ អ្នកនាងបានថ្លែងនៅក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ BNC នៅក្នុងកម្មវិធី Wisma Bernama ថា «នាងខ្ញុំពិតជាមិនអស់សង្ឃឹមមែនចំពោះបទចម្រៀងមួយនេះ ព្រោះទទួលបានការគាំទ្រតបស្នងមកវិញយ៉ាងច្រើនលើសលប់ វាមិនមែនជាក្ដីសុបិនទេ តែជាការពិត»។

អ្នកនាងបានបញ្ជាក់ផងដែរថា «ចាប់តាំងពីបានធ្វើការងារជាតារាចម្រៀង ចាប់ពីអាយុ 13 ឆ្នាំមក ខ្ញុំបានផលិតអាល់ប៊ុមចម្រៀងបានចំនួន 19 អាល់ប៊ុមហើយ។ ក៏ប៉ុន្ដែចំពោះអាល់ប៊ុមទី 14 នេះ គឺពិតជាធ្វើឱ្យនាងខ្ញុំដើរញញឹម និងច្រៀងដូចជាមនុស្សឆ្កួតទៅតាមបទ TakTunTuang ដែលមានន័យថា មិនខ្វល់ពីនរណា ឬមិនទើសនឹងនរណាម្នាក់ឡើយ»។ សូមជម្រាបបន្ថែមថា បទនេះ តារាចម្រៀងស្រីជនជាតិម៉ាឡេស៊ីរូបនេះ បានសហការនិពន្ធជាមួយមិត្តសំណព្វចិត្តរបស់ខ្លួនមានឈ្មោះ ArdiTanjung ជាតន្ត្រីករលេងឧបករណ៍ហ្គីតារ៕

Advertisement