កំពូលតារាសម្ដែង លី តឺហួ ទទួលសញ្ញបត្រថ្នាក់បណ្ឌិត

ដោយយោងតាមសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 នេះ បានឱ្យដឹងថា កំពូលតារាសម្ដែងរបស់ពិភពភាពយន្ដហុងកុង លោក លី តឺហួ  ឬមានឈ្មោះជាភាសាអង់គ្លេសថា Andy Lau បានបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ ហើយមានអ្នកគាំទ្រជាច្រើនពាន់នាក់បានចូលរួមអបអរសាទរលោក នៅក្នុងបន្ទប់ទទួលសញ្ញាបត្រ។

រូបថតជាច្រើនសន្លឹកដែលកំពូលតារាប្រុសរូបនេះទទួលបានសញ្ញាបត្រ ត្រូវបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់របស់លោក ហើយមើលទៅហាក់ដូចជាមានភាពកំប្លុកកំប្លែងលាយឡំនៅក្នុងនោះបន្ដិចៗទៀតផង ដោយលោកបានសរសេរសារថា «មិនបាច់បារម្ភទេ ខ្ញុំប្រហែលនឹងមិននិយាយអ្វីទាំងអស់ សូមអរគុណ»។ យ៉ាងណាមិញតារាសម្ដែងជើងចាស់រូបនេះ បានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានថា «ដំបូងឡើយខ្ញុំមានអារម្មណ៍ថា រំភើបខ្លាំងណាស់ តែក៏មិនបានគិតអ្វីទាំងអស់។ ការណែនាំពីប្រវត្តិ និងកេរ្តិ៍ឈ្មោះរបស់ខ្ញុំ គឺវែងអន្លាយឆ្ងាយណាស់ ហើយចំណាយពេលយូរទៀតផង (ស៊ីម៉ោងច្រើន) ដូច្នេះហើយ ទើបសម្រេចចិត្តថា គ្រាន់តែរាក់ទាក់ និងនិយាយកំប្លែងលេងបន្ដិចទៅគឺគ្រប់គ្រាន់ហើយ តែសប្បាយចិត្តណាស់ដែលបានឃើញស្នាមញញឹមរបស់អ្នកទាំងអស់គ្នា មកកាន់ខ្ញុំ»។

ទន្ទឹមនឹងនោះ តារាប្រុសរូបនេះក៏បានបញ្ជាក់បន្ថែមផងដែរថា រឿងតំណែងតួនាទី និងឋានៈជាបណ្ឌិតនេះ គឺមិនមានអ្វីសំខាន់សម្រាប់លោកឡើយ ព្រោះអ្វីដែលសំខាន់បំផុតនោះគឺ ការធ្វើជាគំរូដ៏ល្អសម្រាប់អ្នកដទៃ ដែលគេបានធ្វើតាមយើងទើបជាការប្រសើរជាង។ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៕

Advertisement