តារាចម្រៀង CL សម្រក់ទឹកភ្នែកព្រោះតែរឿង…

តាមរយៈសារព័ត៌មាន koreaboo ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា កំពូលតារាចម្រៀងស្រីកញ្ញា CL ដែលជាអតីតសមាជិកក្រុមចម្រៀង 2NE1 បានយំខណៈដែលនាងកំពុងរៀនរាំបង្វិលខ្លួននៅលើបង្គោលដែក។

តារាចម្រៀង Kpop និងជាអតីតប្រធានក្រុមចម្រៀង 2NE1 ដ៏ល្បីល្បាញ កញ្ញា CL ដែលតែងតែពូកែអង្រួនឆាកតន្ត្រីជាមួយក្បាច់រាំដ៏ញ័រញាក់របស់នាង និងបានធ្វើឲ្យប្រិយមិត្តបង្ហាញនូវការគាំទ្រយ៉ាងច្រើនកុះករទាំងក្នុង និងក្រៅប្រទេសឱ្យស្លុងអារម្មណ៍ទៅតាមនោះ តាមពិតនាងមានការភ័យខ្លាចខ្លាំងណាស់ចំពោះក្បាច់រាំតោងបង្គោលដែក ដោយនៅក្នុងឃ្លីបវីដេអូមួយបានបង្ហាញអំពីរូបនាងកំពុងរៀនជំនាញថ្មីមួយទៀតគឺ បង្កើតក្បាច់រាំតោងបង្គោលដែក។

ជាមួយនឹងការផ្ដល់បទសម្ភាសក្នុងកម្មវិធី “Livin’s The Double Life” តារាស្រីរូបនេះត្រូវបានអ្នករៀបចំកម្មវិធីបង្កឱ្យមានភាពភ្ញាក់ផ្អើល ដោយស្នើឲ្យនាងរាំជាមួយបង្គោលដែកជាលើកដំបូងក្នុងជីវិត។ គួរបញ្ជាក់ផងដែរ ទាំងពិធីករ និងតារាកិត្តិយស ដំបូងឡើយមានការជឿជាក់ទៅកញ្ញា CL យ៉ាងខ្លាំង ដោយយល់ថា នាងអាចរាំបានដោយគ្មានបញ្ហាអ្វីទាំងអស់ ក៏ប៉ុន្ដែលទ្ធផលចុងក្រោយ នាងមិនអាចចាប់ដងបង្គោលដែកនោះបានសូម្បីតែបន្ដិច ហើយត្រូវបានអ្នកផលិតកម្មវិធីរាយការណ៍មកថា នាងថែមទាំងបានយំទៀតផង។  ក្រោយពីបរាជ័យក្នុងការព្យាយាមជាច្រើនលើកច្រើនសាររួចមក តារាចម្រៀងដែលធ្លាប់តែពោរពេញដោយទេពកោសល្យរូបនេះ បានអស់សំណើច និងមើលខ្លួនឯងទាំងបិទមាត់មិនជិតរកនិយាយអ្វីក៏មិនចេញទៀតផង៕

Advertisement