កំពូលតារាចម្រៀងស្រីអាមេរិក Katy Perry បង្ហាញម៉ូដក្រចកភ្នែកខ្លា ស្អាតដាច់គេ

នៅថ្ងៃទី​5 ខែធ្នូ ឆ្នាំ2017 បើតាមសារព័ត៌មានរបស់ចក្រភពអង់គ្លេស Daily Mail ដែលបានចេញផ្សាយនៅពេលមុននេះប​ន្ដិចបានឱ្យដឹងថា ម្ចាស់បទចម្រៀង Roar ដ៏ល្បីល្បាញកាលពីឆ្នាំ2013 គឺនាង Katy Perry នៅពេលថ្មីៗនេះបានបង្ហោះពាក្យមួយឃ្លាថា «I’m got the eyes of the tiger» និងបានព្យាយាមធ្វើត្រាប់ឱ្យដូចសត្វខ្លា ព្រមទាំងបង្ហាញនូវការច្នៃម៉ូដក្រចករបស់ខ្លួនឲ្យចេញជារូបគ្រាប់ភ្នែករបស់សត្វខ្លាទៀតផង ខណៈដែលកំពូលតារាចម្រៀងជួរមុខអាមេរិករូបនេះ បានចេញមុខបកស្រាយពីរបៀបនៃការច្នៃនេះឡើងដោយជាងដែលមានជំនាញបំផុត។

តាមពិត ការច្នៃម៉ូដនេះ គឺមានការយកលំនាំតាមកែវភ្នែករបស់សត្វខ្លា និងក្រចករបស់ Katy ដែលត្រូវបានដាំដោយត្បូងប្រភេទ ភ្នែកខ្លា ដែលជាការបង្កើតឡើងតាមរយៈការដុសខាត់ដោយប្រើថាមពលមេកានិក។ នៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្តាក្រាមរបស់នាង  Katyបានបង្ហោះអំពីភាព​ស្រស់ស្អាតបែបប្លែកភ្នែកនៃរូបក្រចក និងរបៀបនៃការថែទាំក្រចកដ៏ប្លែកថ្មី ដោយវាត្រូវតែ​ធ្វើការសម្អាតយ៉ាងប្រយ័ត្នប្រយែងបំផុតផងដែរ។

គួរបញ្ជាក់ថា តារាចម្រៀងស្រីរូបស្អាតម្ចាស់បទ Roar និង Dark Horse ខាងលើនេះ បានធ្វើការប្រគំតន្ត្រីទេសចរណ៍ កាលពីចុងសប្តាហ៍មុននៅក្នុងរដ្ឋ Chicago ជាទីដែលនាង​បានបង្ហាញពីសម្រស់ «​ក្រចកភ្នែកខ្លា» ​ជាលើកដំបូងទៅដល់ បណ្ដា Fans ទាំងអស់ ដែលគាំទ្រការប្រគំតន្ត្រីរបស់នាងឡើងរង្គើឆាកតែម្តង៕

Advertisement