អ្នកនាងខ្ញុង កំពុងត្រៀមទទួលសមាជិកថ្មី

បន្ទាប់ពីបានសែនព្រេនចាប់ដៃគ្នាជាគូស្វាមីភរិយាជាមួយនាយកៃដមក តារាកំប្លែងស្រីអ្នកនាង ខ្ញុង ឬឈ្មោះពិត ស្រេង សុកាន់ដា មានដំណឹងល្អហើយនៅពេលនេះ គឺការត្រៀមទទួលសមាជិកថ្មីនាពេលខាងមុខឆាប់ៗនេះហើយ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អ្នកនាងខ្ញុង នៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2017នេះ បាន​ឱ្យដឹងថា «ពេល​នេះ​ខ្ញុំ​ត្រូវ​កាត់​បន្ថយការ​ចំណាយ​ ក្នុង​ការ​ដើរ​លេង​ទិញ​សម្លៀក​បំពាក់​ ​របស់​ប្រើ​ប្រាស់​ ​ដើម្បី​ត្រៀម​ទទួល​យក​នូវ​សមាជិកថ្មី​ម្នាក់​ទៀត​​ ព្រោះ​សមយ័​នេះ​បើ​គ្មាន​លុយ ​ស្អី​ក៏​គ្មាន​ដែរ​ សូម្បីតែ​សុភមង្គល​គ្រួសារ»។ គ្រាន់តែបង្ហោះសារបែបនេះភ្លាម ត្រូវបានមហាជនមួយចំនួនរំពៃគិតថា ប្រហែលជានាងកំពុងតាំងគភ៌ជាមួយស្វាមីហើយមើលទៅ និងមានអ្នកខ្លះបានចោទជាសំនួរថា តើកំពុងតែទិញដី និងផ្ទះបន្ថែម មែនទេបង?

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ តារាកំប្លែងស្រីរូបនេះកំពុងតែត្រូវប៉ាន់ខ្លាំងនៅក្នុងវិស័យសិល្បៈខ្មែរ ទាំងការសម្ដែងលើឆាក និងការថតខ្សែភាពយន្ដជាច្រើនរឿង រហូតដល់អ្នកនាងមានប្រាក់ចំណូលក្នុងមួយខែៗមិនតិចជាងម៉ឺនដុល្លារនោះទេ ដែលជាហេតុបណ្ដាលឱ្យអ្នកនាងខ្ញុង វិវឌ្ឍខ្លួនក្លាយជាថៅកែស្រីលក់សាច់ក្រកដែលកំពុងតែជោគជ័យថែមទៀតផងដែរ ៕

Advertisement