គង់ ចាន់ស្រីមុំ ក្ដៅស្លឹកត្រចៀក ពន្លះសារព័ត៌មានថៃដែលប្រឌិតរឿងនាង

នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2017នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ បានបង្ហោះសារដ៏សែនក្ដៅស្លឹកត្រចៀកមួយចំពោះសារព័ត៌មានថៃក្លែងក្លាយមួយដែលបានសរសេរប្រឌិតរឿងបំភ្លៃការពិត ដោយយករូបនាង និងស្វាមីនៅក្នុងថ្ងៃរៀបមង្គលការកំពុងសំពះផ្ទឹមទៅកាត់តជាមួយបុរសថៃវ័យចំណាស់ម្នាក់ និងថែមទាំងដាក់ចំណងជើងថា «រៀបការមិនអញ្ជើញឪពុក ព្រោះអៀនខ្មាសដែលឪពុកក្របើកម៉ូតូកង់បី  បានប្រពន្ធអ្នកមានបោះបង់ឪពុកក្រលំបាកចោល ឪពុកក្រគ្មានលុយ អត់អីស៊ី ស៊ីតែដៃម៉ូតូកង់បីរហូតដល់ឈឺស្លាប់»។

ឃើញហើយទ្រាំមិនបាន តារាស្រីរូបនេះបានពន្លះព័ត៌មានក្លែងក្លាយនោះ និងបកស្រាយនៅលើហ្វេសប៊ុកខ្លួនថា «នាងខ្ញុំ​ និង​ស្វាមី​សូមបដិសេធព័ត៌មានថៃមួយនេះ​ ដែលសរសេរបំផ្លើសកាពិត សូមមេត្តាយកវិជ្ជាជីវៈជាអ្នកសារព័ត៌មានមកពិចារណាផងមុននឹងសរសេរ ហើយនាងខ្ញុំក៏មិនដឹងថា សារពត៌មាននេះចេញមកពីប្រភពណាទេ ហើយមានបំណងអ្វីដែរបានជាយករូបភាពយើងខ្ញុំទាំង2​ នាក់មកភ្ជាប់ជាមួយអត្ថបទមួយនេះ​ សូមមេត្តាកុំដើម្បីតែផលប្រយោជន៍ខ្លួនឯង ហើយមកបំផ្លាញកិត្តិយសអ្នកដទៃបែបនេះអី។ នេះជារូបភាពលោកឱពុក​ និង​អ្នកម្តាយ​ របស់ស្វាមីនាងខ្ញុំ​ក្នុងថ្ងៃមង្គលការរបស់យើងទាំងពីរ​»។

គង់ ចាន់ស្រីមុំ បានបញ្ជាក់បន្ថែមទៀតថា ដូច្នេះសូមបងប្អូនទាំងអស់កុំមានការយល់ច្រឡំ​ ឬជឿលើព័ត៌មានដែលមានប្រភពមិនច្បាស់លាស់នេះទៀត។ សូមជួយ​ស៊ែរ​ផងដើម្បីកុំឱ្យមានការយល់ច្រឡំបន្តទៀត​។

សូមអរគុណ​ចំពោះការស្រឡាញ់​ និងគាំទ្រយើងខ្ញុំទាំង2នាក់កន្លងមក៕

Advertisement