តារាកំប្លែងជើងចាស់នាយ កុយ និយាយពីរឿងផ្ទុះសង្គ្រាមពាក្យសម្ដីរវាង ម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា

ក្រោយពីអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារពន្លះប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា យ៉ាងវែងអន្លាយដោយមិនប្រណីថ្វីមិត្តនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករួចមក កាលពីថ្ងៃម្សិលមិញនេះ តារារៀមច្បង និងជាតារាកំប្លែងដ៏មានប្រជាប្រិយលោកពូ កុយ បានចេញមុខផ្សះផ្សាចំពោះរឿងនេះ។

ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន បានបញ្ជាក់ឱ្យដឹងថា លោកពូ កុយ មានប្រសាសន៍ថា «បើនិយាយពីការចូលសិល្បៈ ខ្ញុំជាង30ឆ្នាំហើយ អ៊ីចឹងអាចនិយាយបានថា ខ្ញុំគឺជារៀមច្បង ឬជាវីរៈសិល្បករម្នាក់ដែរ ហើយខ្ញុំសូមសំណូមពរឲ្យប្អូនៗសិល្បករយើង កុំឈ្លោះគ្នាបង្ហោះលើ Facebook អី នាំឲ្យមហាជនគេវាយតម្លៃថា អ្នកសិល្បៈយើងមិនចេះចាប់ដៃគ្នាធ្វើការ គិតតែពីឈ្លោះគ្នា ច្រណែនឈ្នានីសគ្នា អ៊ីចឹងមិនល្អទេ គេឲ្យតម្លៃយើងទាបណាស់។ ខ្ញុំមិនដឹងថា ប្អូនម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា ម្នាក់ណាខុសឬត្រូវទេចំពោះរឿងនេះ ព្រោះខ្ញុំមិនទាន់បានដឹងច្បាស់ អត់ទាន់បានឃើញសារគេបង្ហោះ ដោយសារខ្ញុំរវល់ពេក។ ប៉ុន្ដែមួយរយៈនេះ ខ្ញុំសង្កេតឃើញប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណាហ្នឹង ចាប់តាំងពីគាត់ក្លាយជាប្រធានមក គឺគាត់ជួយសិល្បករខ្មែរយើងបានច្រើនដែរ គឺឲ្យតែមានតារាណាម្នាក់មានបញ្ហា គាត់ចុះទៅភ្លាម ទោះជាតិចក្ដី ច្រើនក្ដី គាត់ជួយជាហូរហែ ហើយលោកហេង ឡុង គាត់ក៏ជ្រោមជ្រែងណាស់ដែរ គឺនៅពីក្រោយចន ច័ន្ទលក្ខិណា»។

តារាកំប្លែងជើងចាស់បានបន្ថែមទៀតថា «ខ្ញុំសូមឲ្យសិល្បករខ្មែរយើងទាំងអស់ទ្រាំសិន កុំអាលវាយតម្លៃគាត់ (ចន ច័ន្ទលក្ខិណា) មើលការដឹកនាំរបស់គាត់សិនទៅ ហើយបើគាត់ដឹកនាំមិនកើតទេ គឺឲ្យគាត់កាន់តែ1អាណត្តិបានហើយ យើងអាចបោះឆ្នោតទម្លាក់វិញបានតើ! ឥឡូវខ្ញុំឃើញគាត់ខ្នះខ្នែងធ្វើការឲ្យតារាៗនៅសមាគមសិល្បករខ្មែរយើងណាស់។ ដើម្បីសម្គាល់ជាសមាជិក ក្នុង1ឆ្នាំ ម្នាក់ៗបង់20ដុល្លារ តែពេលនរណាម្នាក់ឈឺទៅពិនិត្យនៅពេទ្យណា មានកាតហ្នឹង គឺគេមានការចុះតម្លៃឱ្យច្រើនណាស់ អ៊ីចឹងខ្ញុំឃើញថា ចន ច័ន្ទលក្ខិណា គាត់ធ្វើការជួយអ្នកសិល្បៈយើងច្រើនដែរមួយរយៈនេះ។ ក្នុងនាមខ្ញុំជាសិល្បករខ្មែរជើងចាស់ម្នាក់ ខ្ញុំសំណូមពរឲ្យប្អូនពេជ្ជតា និងចន ច័ន្ទលក្ខិណាចាប់ដៃគ្នាវិញ គឺអាចនិយាយគ្នាបានតើ! កុំឈ្លោះទាស់ទែងគ្នា បង្ហោះអ៊ីចឹង មិនល្អទេ ព្រោះអាហ្នឹងធ្វើឲ្យសិល្បៈយើងកាន់តែធ្លាក់ចុះទៅថែមទៀតជាមិនខាន បើយើងអត់ចេះស្រឡាញ់គ្នា សាមគ្គីគ្នាទេនោះ»៕

 

 

Advertisement