បទថ្មី «បំពេម្តាយ» ធ្វើឲ្យ មាស សុខសោភា បង្ហូរទឹកភ្នែកពិតៗ

ភ្នំពេញៈ មិន​នឹក​ស្មាន​ថា​បទ​ថ្មី​​មាន​ចំណង​ជើង​ថា «​​បំពេ​​ម្តាយ» ធ្វើ​ឲ្យ​កំពូល​តារា​ស្រី​​ឈរ​​លើ​ទ្រនំ​ផលិត​​កម្ម​ថោន​​ អ្នក​នាង មាស សុខសោភា កប់​អារម្មណ៍​អួល​ដើម​ក ច្រៀង​លែង​ចេញទំរាំត្រូវ​គឺ​ចំណាយ​ពេល​ច្រើន​លើក​ឯណោះ។

ទោះបីជា​ខ្លួន​ធ្លាប់​ ឆ្លង​កាត់​​បទ​ពិសោធន៍​​​​​​​ស្ទើរ​​​​គ្រប់​រស​ជាតិ​នៅ​ក្នុង​​​ឈុតឆាក​​​​ថត​សម្តែង​​​​​​​បទ​​ជាង​១០​ឆ្នាំ​ហើយ​ក៏​មិន​ដែល​មាន​អារម្មណ៍​រន្ធត់​បែប​នេះ​ដែរ​គឺ​បទ ​«​​បំពេ​​ម្តាយ» ធ្វើ​ឲ្យ​អ្នក​នាង មាស សុខ​សោភា ស្រែក​ច្រៀង​លែង​ចេញ​ បែរជាចេញ​​​​​ទឹក​ភ្នែក​ជោគជាំ​លើ​​ផែន​​ថ្ពាល់​​ទាំង​គូ​ជំនួស​​​​សំនៀង​រ៉ៃ​កណ្តឹង​​ដ៏​ក្រអួន​​ក្រអៅ​ខ្លួន​។

ប្រភព​​ពី​លោក អ៊ុក រតនា ​អ្នក​ដឹកនាំ​សម្តែង​របស់​ផលិតកម្ម​ថោន​បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ «​តារា​​ចម្រៀង​ស្រី​ មាស សុខ​សោភា​ អួល​​ដើម​ក ច្រៀង​មិន​ចេញ និង​​​បង្ហូរ​ទឹក​ភ្នែក​​ មក​ពី​គាត់​ចូល​​អារម្មណ៍​​​​ស្លុង​នឹង​អត្ថ​ន័យ​​​បទ​​ចម្រៀង​នេះ​។ ពិសេស​ទៅ​ទៀត​​គឺ​​​​​បទ​នេះ​ក៏​មាន​​​វត្ត​​​​មាន​អ្នក​ម្តាយជា​ទី​ស្រឡាញ់​របស់​អ្នកនាង​ផ្ទាល់​ចូល​រួម​សម្តែង​ ដោយ​ក្រុម​ការ​ងារ​យើង​​​លាក់​​ការ​សំងាត់​​​គឺ​​​​មិន​ប្រាប់​​​ ឲ្យ​ដឹង​​មុន​​។ ក៏​ស្រាប់​តែ​​​​អ្នក​​នាង​​ មាស  សុខសោភា​ ភ្ញាក់​ផ្អើល​ក្នុង​អារម្មណ៍​យ៉ាង​ខ្លាំង​ ខណៈ​ក្រុម​ការ​ងារ​​គ្រាន់​ប្រាប់​គាត់​ថា​​នឹង​មាន​បទ​សម្ភាសន៍​មួយ​​ត្រូវ​និយាយ​ពី​អារម្មណ៍​ពិត​ចំពោះ​ម្តាយ​​មុន​ពេល​​​​ ចេញ​​ទៅ​​កា​ណា​ដា នោះ​ឯង​»។​

​លោក អ៊ុក រតនា  បន្ត​ថា៖ «ទំរាំ​​​គាត់​ប្រមូល​អារម្មណ៍​ល្អ អា​ច​បង្ហើរ​សំនៀង​បាននោះ គឺ​គាត់​ជាប់​គាំង​ពីរ​បីដង​ឯណោះ ទើប​យើង​អាច​ចាប់​យក​​ការ​ថត​ជា​ការ​បាន។​ គាត់​ថា មក​ពី​អារម្មណ៍​នឹក​ស្រណោះ​​ឃើញ​​កាល​គ្រា​នៅ​ពី​ក្មេង​ម្តាយ​ធ្លាប់​បីបាច់​ថែរក្សា និង​បំពេ​គាត់ ខណៈ​​​បទ​ចម្រៀង​​​ហាក់​ជម្រុញ​ទឹក​ចិត្ត​​ឲ្យ​កូនៗ​ចេះ​បំពេ​ម្តាយ​​​វិញ​​ទើប​ស្រក់​ទឹក​ភ្នែក​ទប់​លែង​បានដូច្នេះ​នឹង​ឯង​​»៕​

Advertisement