អតីតសមាជិកចម្រៀង SNSD នាង  Taeyeon បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់

តាមរយៈការចេញផ្សាយរបស់គេហទំព័រព័ត៌មាន Kenh 14 ដែលបានចេញផ្សាយនៅថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2017 មុននេះបន្ដិចបានឱ្យដឹងថា នាថ្ងៃទី28 ម្សិលមិញនេះ តារាស្រីល្បីឈ្មោះ Taeyeon ដែលជាអតីតសមាជិកក្រុមចម្រៀង SNSD បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយ ខណៈដែលនាងបានបើករថយន្តចេញពីកម្មវិធីប្រគំតន្រ្តីមួយនៅម្ដុំតំបន់ Gangnam ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

បើតាមសារព័ត៌មានកូរ៉េមួយនេះបានអះអាងថា នាង Taeyeon បានបើករថយន្ដប្រណីតម៉ាក Mercedes Benz របស់នាងនៅលើផ្លូវល្បឿនលឿនទី 3 ដោយល្បឿនលឿនហើយក៏បានជ្រុលទៅបុករថយន្ដ Taxi មួយគ្រឿងពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តតាក់ស៊ីនោះរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ហើយភ្លាមៗនោះ រថយន្តតាក់ស៊ីនោះក៏បានជ្រុល​ទៅបុករថយន្ដនៅខាងមុខ 3 គ្រឿងបន្ដទៀតដែរ។ ក្រោយកើតហេតុភ្លាមៗ តារាស្រីរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាងបន្ទាន់តាមរយៈរថយន្ដសង្គ្រោះ​នៅវេលាម៉ោង 8 និង10 នាទីយប់ ។

គួរបញ្ជាក់ផងដែរថា អ្នកបើករថយន្ដតាក់ស៊ី និងអ្នកដំណើរ 2នាក់ទៀតក៏បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នាដែរ៕

 

Advertisement