សាន សុម៉ាលី តួស្រីល្បីក្នុងរឿងកាកីត្អូញថា ទីផ្សារសិល្បៈស្ងាត់ដូចចោរលួចសេះ

ភ្នំពេញៈ  ទើប​តែ​វិល​មក​ពី​សម្តែង និង​កើប​លុយ​ដុំ​នៅ​អូស្រ្តាលី​ចំនួន ​៥ ​សប្តាហ៍​ សោះ​ក៏​ស្រាប់​តួ​សម្តែង​​ស្រី​ចូល​ចិត្ត​ព្រលែង​ដើម​ទ្រូង​សិចស៊ី ​កញ្ញា សាន សុម៉ាលី និងជាតួស្រី​ល្បី​ក្នុង​ភាព​យន្ត​រឿង​​កាកី​ ​​បានរអ៊ូរ​រទាំ​​ថា ខ្លួន​ចាស់​ហើយ​មិន​សូវ​មាន​ទី​ផ្សារ​ក្នុង​សង្គម​សិល្បៈ​ទៅ​វិញ។

តារា​សម្តែង​ស្រី​ចូលចិត្ត​តុប​តែង​ខ្លួន​បែប​សិចស៊ី កប់​ស៊េរី បញ្ចេញ​សាច់​ក្បាល​ពោះ និង​ដើម​ទ្រូង​យ៉ាង​​គ្រហើៗ សាន សុម៉ាលី ស្រាប់តែ​ថ្មីៗ​នេះ​នាង​បាន​​រអ៊ូរ​ថា៖ «ហេតុ​ខ្លួន​ខ្ញុំ​ចាស់ និង​សម្រស់​ក៏​លែង​សូវ​ស្អាត ទើប​មិន​សូវ​មាន​ផលិត​កម្ម​ណា​គេ​ ហៅ​ទៅ​ថត​កុន​ទៀត​ដូចជា​តួ​ស្រី​ក្មេងៗ និង​ស្អាតៗ​ជំនាន់​ក្រោយ​។ ដោយ​សារតែ​ខ្លួន​កាន់តែ​មាន​វ័យ​ជ្រេ សម្រស់​ក៏​លែង​​​សូវ​ស្អាត​ផូរផង់​ដូច​កាល​មុន និង​តម្លៃ​ខ្លួន​​ថតកុន​ក៏​មិនសូវ​​ខ្ពស់​ដូច​តារាស្រី​វ័យ​ក្មេង​សាច់​សខ្ចី​មិនអាច​ប្រជែង​​បាន» ​។

​ កញ្ញា សាន សុម៉ាលី ក៏​​ត្អួញត្អែរ​ពីមូលហេតុ​ខ្លះ​នាំឲ្យ​មានភាព​ស្ងាត់​ទី​ផ្សារ​​​ថា៖ «​​វិស័យ​ភាពយន្ត​កាន់តែ​រីក​ដុះ​ដាល​គ្រាន់​ជាង​មុន​បន្តិច ហើយ​តារា​សម្តែង​ស្រករ​ក្រោយ​ក៏​សម្បូរ និងមាន​សម្រស់​ស្រស់​ស្អាតៗ​​ច្រើន​ទៀត ដូច្នេះ​ខ្ញុំ​ពិបាក​ប្រកួត​ប្រជែង​នឹង​​ពួកគាត់​ណាស់​។ បច្ចុប្បន្ន​នេះ ខាង​ផលិត​កម្ម និង​អ្នក​រៀបចំ​កម្មវិធី​ទៀត​សោត គេ​ក៏​រើសយក​សិល្បករ សិល្បការិនី ដែល​អាច​ចេះ​ទាំង​ច្រៀង និង​ចេះ​ទាំង​ការ​​សម្តែង​ផងដែរ»។

គួរ​រំឮក​ថា​ តារា​ចម្រៀង និង​សម្តែង​ស្រី​ប្រុស ៦ដួង រួម​មាន​កញ្ញា សាន សុម៉ាលី កញ្ញា នៅ សូនីតា កញ្ញា មាស វ៉ារី លោក ម៉ា​ដូ​ណា លោក អាឡិច ចាន់​ត្រា និង​ពិធី​ការិនី​ផ្នែក​សម្រប​សម្រួល​កម្មវិធី​កញ្ញា ដារ៉ា នីតា បាន​​ហោះ​ហើរ​​​​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​សប្បុរធម៌​មួយ​គឺការ​សម្តែង​សិល្បៈ​នៅ​ជា​ច្រើន​​រដ្ឋ​ក្នុង​ប្រទេស​​អូស្ត្រាលី​កាល​ពី​ខែ​កុម្ភៈ​៕​

Advertisement