តារាចម្រៀងស្រី Miley Cyrus កំពុងតាំងគភ៌មែនឬ?

តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2017 បានឱ្យដឹងថា កន្លងទៅថ្មីៗនេះ តារាចម្រៀងស្រី Miley Cyrus បានបង្ហោះរូបភាពពើងពោះនៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្តាក្រាមរបស់ខ្លួន ដែលបណ្ដាលឱ្យអ្នកគាំទ្ររបស់នាងមានមន្ទិលសង្ស័យថា នាងកំពុងតែមានផ្ទៃពោះជាមួយគូស្នេហ៍គឺ លោក Liam Hemsworth ដែលទើបតែបានរៀបអាពាហ៍ពិពាហ៍ស្ងាត់ៗជាមួយគ្នាកាលពីដើម 2017 នេះ។

រូបថតមួយសន្លឹកនោះ ពោលគឺនាងចង់បញ្ជាក់ប្រាប់ថា ជិតដល់ថ្ងៃខួបកំណើតរបស់នាងហើយ។ ហើយនាងត្រៀមនឹងរៀបពិធីខួបកំណើតតូចមួយនៅក្នុងផ្ទះ ព្រមទាំងសរសេរនៅលើអ៊ីនស្ដាក្រាមថា «ជិតដល់ថ្ងៃខួបកំណើតហើយណា៎ ពិធីនេះនឹងពោរពេញទៅដោយអាហារ Tofurkey និងសេចក្ដីស្រឡាញ់ពីអ្នកទាំងអស់គ្នា #VeganTurkeyBaby »។

យ៉ាងណាមិញ ថ្ងៃម្សិលមិញតារាស្រីរូបនេះបានចេញមុខបកស្រាយរឿងរូបភាពរបស់នាងដែលបានសង្ស័យថា តើនាងកំពុងមានផ្ទៃពោះពិតមែនឬ? ដោយនាងបានបញ្ជាក់ថា «មិនបានតាំងគភ៌ទេ នាងខ្ញុំគ្រាន់តែញ៉ាំ Tofurky ច្រើនពេកតែប៉ុណ្ណោះ និយាយអីអាក្រក់ស្ដាប់ម្ល៉េះ»៕

Advertisement