តារាស្រីហុងកុងល្បីឈ្មោះ ទម្លាយរឿងត្រូវគេបៀតបៀនផ្លូវភេទកាលពីអាយុ 4 ឆ្នាំ

តាមរយៈសារព័ត៌មាន kenh14 ដែលបានចេញផ្សាយនៅថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2017 ដោយបានដកស្រង់ព័ត៌មានក្ដៅមួយពីសារព័ត៌មានចិន Sina, iFeng, QQ បានឱ្យដឹងថា ថ្មីនេះៗរឿងដ៏សែនរន្ធត់មួយបានកើតឡើង ខណៈដែលតារាស្រីល្បីឈ្មោះរបស់ពិភពភាពយន្តហុងកុង​ នាង Yang Rong បានទម្លាយរឿងអាស្រូវរបស់ខ្លួនដែលធ្លាប់ត្រូវបានបុរសម្នាក់រំលោភបំពានផ្លូវភេទលើរូបនាងកាលពីនាងនៅអាយុ 4ឆ្នាំ។

តារាស្រីរូបនេះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានចិនថា ម្ដាយរបស់នាងគឺជាកម្មការិនីរោងចក្រម្នាក់ ហើយនៅពេលខ្លះនាងតែងតែទៅកន្លែងធ្វើការជាមួយម្ដាយរបស់នាង ព្រោះថា នៅទីនេះមានក្រុមកុមារជាច្រើននាក់ដែលនិយមមកលេងនៅសួនច្បារក្នុងបរិវេណរោងចក្រនោះ ហើយនាងតែងតែចូលចិត្តរត់លេងជាមួយក្មេងៗនៅទីនោះ។ ថ្ងៃមួយ ស្រាប់តែមានបុរសម្នាក់ដែលនាងស្គាល់ថាជាអ្នកធ្វើការជាមួយម្ដាយនាងបានមកបបួលនាងទៅលេងនៅក្នុងបន្ទប់មួយដែលងងឹតគ្មានពន្លឺព្រះអាទិត្យឡើយ គឺមានតែគ្រែសម្រាប់ដេក និងពន្លឺព្រាលៗតែប៉ុណ្ណោះ។ ដំបូងឡើយបុរសនោះ បាននាំនាងប្រលែងលេងបែបក្មេងៗ លុះក្រោយមកក៏ចាប់ផ្ដើមថើបនាង រហូតដល់ថើបជើងរបស់នាង ហើយបន្ទាប់មកក៏ចាប់រំលោភនាងតែម្ដង។ ខណៈនោះ នាងនៅក្មេងណាស់មិនបានដឹងថា ទង្វើរបស់បុរសម្នាក់នោះបានរំលោភបំពានផ្លូវភេទឡើយ។

តារាស្រីវ័យ 36 ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ដទៀតថា «សាមសិបឆ្នាំជាងបានកន្លងផុតទៅហើយ គ្មាននរណាម្នាក់នឹកឃើញរឿងនេះទៀតទេ វាត្រូវបានកប់យ៉ាងជ្រៅ និងលាក់យ៉ាងសម្ងាត់នៅក្នុងបេះដូងនាងខ្ញុំតែម្នាក់ប៉ុណ្ណោះ ហើយនាងខ្ញុំគិតថា មិនចង់ឱ្យនរណាដឹងទេ តែឥឡូវ វាមិនមែនជារឿងសម្ងាត់ដែលគួរឱ្យចងចាំទុកទៀតទេ»៕

Advertisement