ច្បាស់ការហើយ! រឿងថ្ងៃចូលរោងការរបស់កញ្ញា សុគន្ធ នីសា

កំពូលតារាចម្រៀងសំឡេងផ្អែម និងមានទឹកដមប្រកបដោយមនោសញ្ចេតនាកញ្ញា សុគន្ធ នីសា ត្រូវបានគេបង្ហើបឱ្យដឹងថា នឹងចូលរោងការនៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2017នេះ នៅក្នុងបរិវេណសណ្ឋាគារលំដាប់ផ្កាប្រាំ សូហ្វីតែល ភូគីត្រា ជាមួយនឹងអនាគតស្វាមីលោក សាំបា ដែលជាអាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក​ ដែលនៅក្នុងនោះ​ក៏នឹងមានវត្តមានភ្ញៀវកិត្តិយសដែលជាមន្ត្រីរាជការ អ្នកមានមុខមាត់ក្នុងសង្គម អ្នកជំនួញធំៗ​ ជាពិសេសគឺ អ្នកសិល្បៈ ដែលសរុបទាំងអស់មិនក្រោម 1000 នាក់ឡើយ។

នៅក្នុងនោះត្រូវបានគេដឹងថា តារាស្រីរូបនេះត្រៀមចំណាយថវិកាជាច្រើនម៉ឺនដុល្លារក្នុងការតុបតែងលម្អនៅក្នុងបរិវេណកន្លែងទទួលភ្ញៀវរបស់នាង ដែលរាប់ចាប់តាំងពីផ្លូវចូលរោង ផ្លូវដើរអមសងខាងដោយរបងផ្កាស្រស់ ក្លោងទ្វារ​ ក៏ដូចជាការតុងតែងនៅលើឆាកក្នុងការត្រៀមស្វាគមន៍កូនកំលោះ-កូនក្រមុំផងដែរ។ ជាមួយគ្នានេះ គេក៏បានដឹងដែរថា កញ្ញា សុគន្ធ នីសា បានត្រៀមចំណាយលុយជាច្រើនម៉ឺនដុល្លារទៀតសម្រាប់ទិញលំនៅដ្ឋានដ៏ស្រស់ស្អាតមួយទៀត ដែលមានទីតាំងនៅក្នុងបុរីដ៏ធំមួយក្នុងរាជធានីភ្នំពេញ។

គួររំឭកផងដែរថា ជិតដល់ថ្ងៃរៀបការ កញ្ញា សុគន្ធ នីសា បានជំពប់នឹងព័ត៌មានអាស្រូវជាច្រើន ដែលក្នុងនោះសុទ្ធតែបានលើកឡើងពីភាពរង្គោះរង្គើរវាងស្នេហារបស់នាង និងអតីតសង្សារចាស់ជាកវីនិពន្ធដ៏ល្បីឈ្មោះដែលបានបាក់បែកគ្នាហើយ គឺលោក សុខ ជំនោរ។ ស្របគ្នានោះដែរ គេក៏បានដឹងថា លោក សុខ ជំនោរ ជាអតីតគូស្នេហ៍ដ៏ស្អិតល្មួតរបស់នាងដែលធ្លាប់បានរួមរស់ជាមួយគ្នានៅក្រោមដំបូលផ្ទះតែមួយរាប់ឆ្នាំនោះ ក៏នឹងរៀបមង្គលការផងដែរ ដោយលោក សុខ ជំនោរ នឹងចូលរោងការមុននាង 4 ថ្ងៃ៕

Advertisement