ភ្ញាក់ផ្អើល!! រកឃើញប្រសាទបុរាណអាយុ 3000 ឆ្នាំកប់ក្រោមបាតបឹងតួកគី

បើតាមរយៈសារព័ត៌មាន The Independence ដែលបានចេញផ្សាយនៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2017នេះបានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាមកពីសាកលវិទ្យាល័យ Van Yushchenko បានសហការជាមួយក្រុមអ្នកជំនាញមុជទឹកបាតសមុទ្រ បានស្វែងរកឃើញប្រាសាទបុរាណចំណាស់អាយុ​ 3000 ឆ្នាំកប់នៅក្រោមបាតបឹង វេន( Lake Van) ប្រទេស តួកគី និងបានអះអាងថា បើតាមរចនាបទ និងក្បាច់ក្បូរចម្លាក់ ធ្វើឱ្យគេដឹងថា ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅក្នុងយុគសម័យ Iron Age ស្ថិតក្នុងអំឡុងឆ្នាំ 600-900 មុនគ.ស។

Said Kinsey ជាអ្នកដឹកនាំក្រុមស្រាវជ្រាវបុរាណវិទ្យា បានថ្លែងថា «ក្រុមអ្នកមុជទឹកធ្លាប់បានសង្ស័យអំពីបឹងនេះ ទើបប្រាប់អ្នកស្រាវជ្រាវបុរាណវិទ្យា តែក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាមិនជឿថា នឹងមានអ្វីចម្លែកនៅក្រោមបាតបឹងនេះទេ តែក្រោយមកក្រុមការងារក៏ចេះតែព្យាយាមមុជរកតទៅទៀត រហូតដល់បានប្រទះឃើញគ្រោងប្រសាទបុរាណ ដែលមានកំពែងវែងរហូតដល់ 1 គីឡូម៉ែត្រ»។

បើទោះបីជាគ្រោងកំពែងនេះត្រូវបានសាងសង់នៅក្រោមបាតបឹង និងកប់ចោលរាប់ពាន់ឆ្នាំហើយក្ដី​ តែសភាពរបស់វានៅតែរក្សាបានរូបរាងល្អដដែល ដែលគេអាចមើលឃើញយ៉ាងច្បាស់ពីរយៈកម្ពស់ 3 ទៅ 4 ម៉ែត្រពីលើទៅ។ Kinsey បានបន្ដទៀតថា «មានប្រជាជនជាច្រើនបានមកតាំងលំនៅឋាននៅក្បែរបឹងនេះ ទើបដាក់ឈ្មោះថា Lake Van ហើយឈ្មោះបឹងនេះទៀតសោតក៏នៅមានអត្ថន័យយ៉ាងអាថ៌កំបាំងជាច្រើនទៀត ដែលយើងត្រូវបន្តស្រាវជ្រាវអំពីអាថ៌កំបាំងរបស់បឹងមួយនេះ ដែលមកពេលនេះ បឹងនេះមានអាយុជាង 6 សែនឆ្នាំទៅហើយ»៕

 

 

Advertisement