សុគន្ធ នីសា បដិសេធថា​ អនាគត​ស្វាមី​មិនមែន​ផ្កាយ​បី

ផ្ទុយស្រឡះ​ពី​ការចេញផ្សាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ពី​បណ្តាញសារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន ដែល​អាស្រ័យ​ទៅតាម​ពាក្យ​ចចាមអារ៉ាម​ស្រែក​បន្ត​គ្នា​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កពាក់​ព័ន្ធ​ទៅនឹង​ដំណើររឿង​ចោទប្រកាន់​ទៅលើ​កំពូ​តារាចម្រៀង
សុគន្ធ នីសា ថា​មាន​ភាពលំអៀង និង​មាន​ទំនោរ​ទៅលើ​កូនក្រុម​របស់ខ្លួន កុមារី ស៊ីវ​ហេង ដែលមាន​ឪពុក​ជាម​ន្ដ្រី​ផ្កាយ3 និង​ជា​គូ​ដណ្ដឹង​របស់ខ្លួន។ បន្ថែម​ពីនេះ នៅមាន​ការទិតៀន​ថាតារាចម្រៀង​ស្រី​រូបនេះ​ព្យាយាម​យិ​ត​យោង​សណ្តោង​អនាគត​កូនស្រី​ក្រៅ​ខាន់ស្លា​ឱ្យបាន​ជាប់​ជា​បន្តបន្ទាប់​រហូត​បាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី “The Voice Kids Cambodia” រដូវ​កាល​ទី1 ថែម​ទៀតផង។

ភ្ជាប់​ទៅនឹង​ការលើកឡើង​ខាងលើនេះ សុគន្ធនីសា បានចេញ​មុខ​ធ្វើការ​បកស្រាយ​បញ្ជាក់​យ៉ាងច្បាស់​ជា​សាធារណៈ​ថា ចំពោះ​ព័ត៌មាន​ទាំង​អម្បាលម៉ាន​ដែល​ធ្លាប់​ចេញផ្សាយ​កាលពីពេល​កន្លងទៅ​គឺ​សុទ្ធតែជា​រឿង​ប្រាសចាក​ពី​ការពិត​ទាំងស្រុង។ នាង​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​មិនដឹងថា​ពួកគាត់​បាន​ព័ត៌មាន​មកពី​ប្រភព​ណា​នោះទេ ហើយ​មុនពេល​ពួកគាត់​ចេញផ្សាយ​ក៏​មិនបាន​ជួប​សម្ភាស​ជាមួយ​ខ្ញុំ​ដែរ។ ព័ត៌មាន​ដែលថា ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ផ្កាយ3នោះ គឺ​ខ្ញុំ​សុំ​អះអាងថា​មិនមែនជា​ការពិត​នោះទេ។ ខ្ញុំ​ប្រាប់ថា ខ្ញុំ​ពិតជា​មាន​គូ​កំណាន់ និង​មាន​គម្រោង​ចូល​រោងការ​នៅត្រឹម​ខែធ្នូ ចុងឆ្នាំ2017ខាងមុខនេះ​ពិតមែន ប៉ុន្តែ​គាត់​គ្រាន់តែ​ជាម​នុស្ស​សាមញ្ញ និង​មិនមែនជា​ឪពុក​របស់​កុមារី ស៊ីវ​ហេងដែលជា​មន្ត្រីរាជការ​ដូ​ច​គេ​ថា​នោះឡើយ”។

ជាមួយនឹង​ការបកស្រាយ​ប្រាប់​ពី​ការពិត​នូវ​រឿងរ៉ាវ​ជីវិត​ឯកជន​ខាងលើនេះ តារាចម្រៀង​ស្រី​ចូលចិត្ត​ភាព​ស្រគត់ស្រគំ​ម្នាក់នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា នាង​មិន​មានការ​អាក់អន់ស្រពន់ចិត្ត​ទៅនឹង​អ្នក​ប្រឌិត​រឿង​ខាងលើនេះ​នោះឡើយ ដោយ​នាង​បាន​ចាត់ទុកថា វា​អាចជា​ចេតនា​ល្អ​មួយ ដែល​គេ​ចាប់អារម្មណ៍​ចំពោះ​រូបនាង ហើយ​មិន​ចង់ឱ្យ​នាង​មាន​ភាពស្ងប់ស្ងាត់៕

Advertisement