កញ្ញា ឌី លីណា សង្ឃឹមថា នឹងមិនមានបាតុភូតចម្លែកអ្វីកើតឡើងពេលថតរឿង ភូមិគ្រឹះ100ល្បិច

នៅថ្ងៃទី15 ខែវិចិ្ឆកា ឆ្នាំ2017 កញ្ញា ឌី លីណា ឬនៅក្នុងចង្កោមពិភពសិល្បៈគេនិយមហៅថា ម៉ែគ្រូ និងជាតារាសម្ដែងនៅក្នុងរឿងភាគក្នុងស្ថានីយទូរទស្សន៍ជាច្រើននោះ បានបង្ហាញពីអារម្មណ៍ភ័យព្រួយជាខ្លាំង ខណៈនាងបានក្លាយជាតួអង្គខ្មោចស្រីនៅក្នុងរឿង”ភូមិគ្រឹះ100ល្បិច” របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5។ នេះបើតាមការផ្ដល់សម្ភាសជាមួយអ្នកយកព័ត៌មាននៃគេហទំព័រ ឡារ៉ែន នាថ្ងៃក្រុងពាលីរឿង។

ក្នុងពិធីក្រុងពាលីរឿង “ភូមិគ្រឹះ100ល្បិច” កញ្ញា ឌី លីណា បាននិយាយថា នៅក្នុងរឿងនេះនាងសម្ដែងជាតួអង្គខ្មោចឈ្មោះនាងម៉ារ៉ា ដែលបានបង្កប់នូវល្បិចពិសពុលកាច់កុង ប្រកួតប្រជែងគ្នា ធ្វើយ៉ាងណាឱ្យស្នេហារបស់ខ្លួនបានសម្រេច ហើយតំណែងតួអង្គមួយនេះបានធ្វើឱ្យនាងកំពុងតែមានការព្រួយបារម្ភជាខ្លាំង នៅពេលនាងទទួលបានដំណឹងថា ធ្លាប់មានតារាសម្ដែងមួយចំនួនជួបនឹងបញ្ហាអបិយជំនឿ និងមានវិញ្ញាណចូលសណ្ឋិតពិតប្រាកដមែនទៀតផង។

នាងនិយាយថា «នាងខ្ញុំមានក្ដីព្រួយបារម្ភខ្លាំងណាស់ ព្រោះកន្លងមកនាងខ្ញុំធ្លាប់តែសម្ដែងជាតួអង្គធម្មតា មានចរិតស្លូតបូត មិនមែនជាតួអង្គខ្មោច ដល់បានទទួលសម្ដែងជាតួខ្មោចបែបនេះ នាងខ្ញុំបារម្ភខ្លាចថា ពុំធ្លាប់មានបទពិសោធ និងទេពកោសល្យក្នុងការសម្ដែងជាតួខ្មោចដែលតម្រូវឱ្យនាងខ្ញុំត្រូវសិក្សាយកបទពិសោធ និងតិចនិកបន្ថែម ពីចរិតរបស់ខ្មោចតាមរយៈភាពយន្ដបរទេសនានា »។

អ្វីដែលសំខាន់បំផុតនោះគឺ នាងមានក្ដីបារម្ភខ្លាចមានវិញ្ញាណចូលសណ្ឋិតពិតប្រាកដ ព្រោះកន្លងមកនាងក៏ធ្លាប់ជួបបញ្ហាបែបនេះ នៅពេលនាងទៅកន្លែងទីសក្ការៈបូជានានាម្ដងរួចមកហើយ។ កញ្ញា ឌី លីណា បញ្ជាក់ផងដែរថា «កន្លងមកខ្លួនខ្ញុំផ្ទាល់ធ្លាប់មានវិញ្ញាណចូលសណ្ឋិតពិតប្រាកដម្ដងរួចមកហើយ  គ្រាន់តែវិញ្ញាណនោះជាវិញ្ញាណល្អ មិនមែនអាក្រក់។ ទោះជាយ៉ាងក៏ដោយ ក៏ខ្ញុំចេះតែបារម្ភខ្លះៗដែរ ខណៈពេលថតរឿងជាតួអង្គខ្មោចបែបនេះ ដូច្នោះហើយទើបនៅពេលថតម្ដងៗ ខ្ញុំត្រូវតែធ្វើការបន់ស្រន់ម្ចាស់ទឹកម្ចាស់ដី គ្រូបាធ្យាយជាមុន។ ហើយនាងខ្ញុំសង្ឃឹមថា វានឹងមិនមានរឿងអ្វីកើតឡើងនៅពេលថតឡើយ»៕

Advertisement