ឱក សុគន្ធ​កញ្ញា ចូល​រោងការ​នៅ​ដើម​ឆ្នាំក្រោយ

នៅមុននេះ​បន្តិច មហាជន​ទូទៅ ជាពិសេស​បណ្តា​អ្នកគាំទ្រ​តែម្ដង បាន​សម្ដែង​នូវ​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​បានឃើញ​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ចេញផ្សាយ​ជា​បន្តបន្ទាប់​ថា កំពូល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​នៅក្នុង​ផលិតកម្ម​ហង្ស​មាស កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ភ្ជាប់ពាក្យ​ជាមួយ​កូនប្រុស​ច្បង​របស់​ម្ចាស់​ក្រុមហ៊ុន​ហង្ស​មាស ជាមួយនឹង​ការទទួលបាន​តំណែង​ថ្មី​ជា​នាយិកា​គ្រប់គ្រង​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ​ផងដែរ។ ប៉ុន្តែ​ក្រោយមក​បន្តិច ព័ត៌មាន​មួយ​នេះ​ត្រូវបាន​សាច់ញាតិ ជាពិសេស អ្នក​ម្តាយ​របស់​កំពូល​តារាចម្រៀង​រូបនេះ​ចេញមុខ​ធ្វើការ​បដិសេធ​ទាត់ចោល​ទាំងស្រុង ជាមួយនឹង​ការបញ្ជា​ក់ថា វា​គ្រាន់តែ​ជា​ព័ត៌មាន​ប្រឌិត​តែប៉ុណ្ណោះ។

ដោយឡែក​ពេលនេះ ខណៈដែល​ព័ត៌មាន​និយាយ​ពី​ការ​ភ្ជាប់ពាក្យ​មិនទាន់បាន​សាបរលាប​ទៅវិញ​ផង​នោះ ស្រាប់តែ​មានការ​ទម្លាយ​ចេញពី​ប្រភព​ដែលជា​អ្នក​រួម​ក្រុមការងារ​ក្នុង​ផលិតកម្ម​តែមួយ​បង្ហើប​ថា ប្រសិនបើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ គឺ​នៅសល់​មិនយូរ​នោះឡើយ ពោលគឺ​ត្រឹម​ដើមឆ្នាំ2018ឆាប់ៗខាងមុខនេះ ទស្សនិកជន ក៏ដូចជា​មហាជន​នឹងមាន​ភាព​ភ្ញាក់ផ្អើល​កាន់តែខ្លាំង​នៅពេលដែល​កំពូល​តារា​ស្រី​មាន​ប្រជាប្រិយភាព​ខ្ពស់​ម្នាក់នេះ លាចាក​ភាព​នៅ​លីវដោយ​ការបោះ​ជំហាន​ដើរចូល​រោងការ ខណៈបុរស​ដែលមាន​សំណាង​បាន​ក្លាយជា​កូនកំលោះគឺ​គ្មាន​អ្នកណា​ក្រៅពី​កូនប្រុស​សំណព្វ​របស់​កំពូល​អ្នក​ជំនួញ​ផ្នែក​សិល្បៈ​កម្សាន្ត​ក្រុមហ៊ុន​ហង្ស​មាស​ដូច​ពាក្យ​ចចាមអារ៉ាម​នោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹង​ដំណឹង​ចុងក្រោយ​នេះថា ឱក សុគន្ធ​កញ្ញា គ្រោងនឹងចូល​រោងការ​នៅ​ដើមឆ្នាំ2018ឆាប់ៗខាងមុខនេះ គេ​នៅ​មិនទាន់​អាច​ជឿជាក់បាន100%នៅឡើយ​នោះទេ ដូច្នេះ សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ណា៎…៕

Advertisement