នី មុន្នីនាថ ជាប់ចោទ​ពីបទ​ឆបោក

មុននេះ​បន្តិច អ្នកណាៗក៏​សុទ្ធតែ​បាន​លើកសរសើរ និង​ស្ញប់ស្ញែង​ចំពោះ​ជោគវាសនា​របស់​កំពូល​តារា​សម្ដែង​សម្បុរ​ស្រអែម​មាន​ជំនាញ​ខាង​សម្រក់​ទឹកភ្នែក នី មុន្នីនាថ ដែល​ចៀស​ផុតពី​រឿងអាស្រូវ ជាពិសេស ថែមទាំង​មាន​គូ​ដណ្ដឹង​ជា​អាណិកជន មាន​ទ្រព្យធន​រាប់ម៉ឺន​ដុល្លារ និង​មាន​សមត្ថភាព​អាច​ធានា​រូបនាង​ឱ្យទៅ​រស់នៅ​ស្របច្បាប់​នៅ​សហរដ្ឋអាមេរិក​ថែម​ទៀតផង។

ដោយឡែក​ពេលនេះ មិន​ថា​ចំពោះតែ​អ្នក​ធ្លាប់​កោតសរសើរ​ដែល​ស្ថិតនៅក្នុង​ចង្កោម​អ្នកមាន​អាជីព​សិល្បៈ​នោះទេ សូម្បីតែ​មហាជន​ទូទៅ​ក៏​នាំគ្នា​បើកភ្នែក​ធំ​បង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈដែល​ធ្លាយ​ដំណឹង​ដ៏​ក្ដៅគគុក​មក​ថាពេលនេះ នី មុន្នីនាថ បាននិងកំពុង​ជាប់ចោទ​ពីបទ​ឆបោក និង​រំលោភ​លើ​សេចក្ដីទុកចិត្ត ដែល​ដើមបណ្ដឹង​គឺជា​គូ​ដណ្ដឹង​របស់​នាង គឺ​លោក អឹ​ុ​ង សូ​ឡា ដែល​ទើបតែ​ផ្តាច់ពាក្យថ្មីៗនោះ​តែម្ដង។ ចំពោះ​អង្គហេតុ​ក្នុង​ពាក្យបណ្ដឹង​ដែល​តម្កល់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ខាងលើ​បាន​លើកឡើងថា ដើមចម​រហូត​ឈានដល់​ដំណាក់​កាលប្ដឹង​ផ្តល់​នេះ គឺ​បណ្តាលមកពី នី មុន្នីនាថ មិន​គោរព​តាម​ការសន្យា ដែល​កាលដើមឡើយ បន្ទាប់​ពីអ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​ជ្រាលជ្រៅ ភាគី​ខាង​បុរស គឺ​លោក អឹ​ុ​ង សូ​ឡា បាន​ចំណាយពេលនិង​ថវិកា ក្នុងការ​ចុះឡើង​រវាង​កម្ពុជា-អាមេរិក ដើម្បី​រត់ការ​ធានា នី មុន្នីនាថ ទៅ​រស់នៅ​អាមេរិក​ស្របច្បាប់ លុះ​ក្រោយមក នី មុន្នីនាថ មិន​ព្រម​ចេញទៅ​តាម​ការ​រត់ការ​ច្បាប់​នោះទេ ហើយ​ថែមទាំង​ព្យាយាម​ពន្យារពេល​ម្ដង​ហើយ​ម្ដងទៀត រហូត​កើតមាន​បញ្ហា។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ទៅនឹង​ការប្ដឹង​ផ្តល់​ខាងលើនេះ នី មុន្នីនាថ ហាក់​មិនបាន​បង្ហាញ​ពី​ភាព​ខ្លាចរអារ​នោះទេ ដោយ​នាង​ថែមទាំង​បាន​បញ្ជាក់ថា មិន​ថា​រឿងនេះ​ដំណើរការ​យ៉ាងណា​នោះទេ នាង​ក៏​នៅតែ​មិន​ព្រួយបារម្ភ​នោះដែរ ប៉ុន្តែ​បើ​ឈានដល់​ដំណាក់​កាលដែល​ទ្រាំលែងបាន នាង​នឹងដាក់​ពាក្យ​ប្ដឹង​បក​វិញ​ជាក់​ជាមិនខាន ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​នាង មិន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​នោះទេ៕

Advertisement