Miss Global ស្ងើចសរសើរប្រាសាទសំបូរព្រៃគុក មិនដាច់ពីមាត់

បន្ទាប់ពីក្រុមបេក្ខនារីបវរកញ្ញាពិភពលោក ឬ Miss Global 2017 បានធ្វើដំណើរទៅទស្សនកិច្ចនៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានបង្ហាញឱ្យឃើញពីអរិយធម៌ដ៏ខ្ពង់ខ្ពស់ល្បីល្បាញតាំងពីសម័យបុរាណកាលរាប់ពាន់ឆ្នាំមកហើយនោះ ក្រុមបេក្ខនារីបវរកញ្ញាពិភពលោកបានដក់ដិតជាប់អារម្មណ៍រំភើប ស្ញប់ស្ញែងជាមួយសោភ័ណភាពដ៏ស្រស់ត្រកាលនាបរិវេណប្រាសាទ។

បើតាម Facebook Page របស់ Miss Global  និងក្រសួងទេសចរណ៍ បានឱ្យដឹងបន្ថែមថា  ក្រុមបវរកញ្ញាពិភពលោក បានបន្លឺនូវសំឡេងសារស័ព្ទស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញប្រាង្គប្រាសាទតូចធំជាច្រើន និងព្រៃព្រឹក្សាដ៏ខៀវស្រងាត់ អមដោយសំឡេងបក្សីបក្សាស្រែកច្រៀងសាទរចំពោះវត្តមានរបស់ពួកគេ ប្រៀបបានទៅនឹងជីវិតបវរកញ្ញាឯកក្នុងរាជវាំងសម័យចេនឡា នៃអាណាចក្រខ្មែរបុរាណដូច្នោះដែរ។

យ៉ាងណាមិញស្នាមញញឹមបិទមាត់មិនជិតរបស់ក្រុមបវរកញ្ញាទាំង65ប្រទេសទាំងនេះ ពិតជាស័ក្តិសមនឹងទេសភាពក្នុងតំបន់ប្រាសាទសំបូរព្រៃគុកនេះខ្លាំងណាស់ ព្រោះការរចនាតុបតែងលម្អដោយក្បាច់ក្បូរបស់វិចិត្រករសម័យបុរាណ ដែលបន្សល់លើប្រាង្គប្រាសាទនីមួយៗ គឺកាន់តែធ្វើឲ្យសម្រស់របស់ក្រុមបវរកញ្ញា លេចធ្លោខុសប្លែកជាងពេលណាៗទាំងអស់។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាយើងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងបវរកញ្ញាឯក Miss Global 2017 ដោយមានការចូលរួមពីបេក្ខភាពស្រស់ស្អាត65នាក់ មកពីបណ្តាប្រទេសនាៗ ជុំវិញពិភពលោក។ ក្នុងនោះផងដែរ បវរកញ្ញាឯកចក្រវាលតំណាងឲ្យកម្ពុជា គឺកញ្ញា យស ប៉ូលីណា ក្រោយពីឆ្លងកាត់វគ្គប្រឡងជាច្រើនក្នុងកម្មវិធី Miss Global 2017 ពេលនេះ នាងកំពុងត្រូវការការជួយគាំទ្រជាចាំបាច់ ពីសំណាក់បងប្អូនប្រិយមិត្តខ្មែរ យើងក្នុងការបោះឆ្នោត ដើម្បីឲ្យកញ្ញាទទួលបានជយលាភីពានរង្វាន់ Best National Beauty ដែលនឹងប្រកាសនៅថ្ងៃទី17 ខែវិច្ឆិកា 2017 ខាងមុខនេះ៕

Advertisement