បញ្ញា សិទ្ធិ ហ៊ាន​ស្បថ​មិនមាន​ពាក់​ព័ន្ធនឹង​ករណី សាន ស្រី​ឡៃ ស្លាប់

រហូតមក​ដល់ពេលនេះ ​បើទោះជា​ពិធីបុណ្យសពរបស់​តារាចម្រៀង​ចំណូល​ថ្មី​របស់​ផលិតកម្ម​រស្មី​ហង្សមាស អ្នកនាង សាន ស្រឡៃ ត្រូវបាន​បញ្ចប់​ទៅ​ក៏ពិតមែន ប៉ុន្តែ​គេ​ជឿថា ដំណើរ​សាច់រឿង​នៃ​ការស្លាប់​របស់​តារា​រូបនេះ នៅតែ​បន្ត​ដក់​ជាប់នៅ​ក្នុង​អារម្មណ៍​របស់​ទស្សនិកជន ដែល​បង្កប់​ទៅ​ដោយ​​មន្ទិលសង្ស័យ​នៅឡើយ ខណៈ​ដែលមាន​ពាក្យ​ច​ចាម​អារា៉ម​នៅតែ​បន្ត​ជជែក​គ្នា ​ដោយ​លើកយក​ហេតុផលផ្សេងៗគ្នា​មក​ដាក់បន្ទុក។ នៅក្នុង​ចំណោម​ហេតុផល​ជាច្រើន ដែល​ត្រូវបាន​គេ​ជឿ និង​សន្និដ្ឋាន​ក្រៅផ្លូវការ​ណ៍រ​បស់​អ្នកគាំទ្រ ក៏ដូចជា​មហាជន​ទាំងនោះ អ្វីដែល​គេ​ចាប់អារម្មណ៍​បំផុត គឺ​ការ​លើកឡើងថា ការស្លាប់​របស់ សាន ស្រី​ឡៃអាចមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ចំណង​ស្នេហ៍​ត្រីកោណ ដែល​អ្នក​នៅ​ពីក្រោយ​រឿងនេះគឺ លោក បញ្ញា សិទ្ធិ ដែល​ជា​​អតីត​មិត្ត​រួម​អាជីព​ដែល​ស្និទ្ធ​នឹងរូបនាង។

លោក បញ្ញា សិទ្ធិ ត្រូវបាន​គេ​ស្គាល់​ថា គឺជា​តារាចម្រៀង និង​សម្ដែង​មួយរូប​ដែលមាន​រូង​រាង​ស្រស់​សង្ហា សាច់​សមុខ​កូនកាត់​ចិន និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​គួរសម ហើយក៏​ជា​បុរស​ម្នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ ស្រី​ឡៃ ស្និទ្ធស្នាល​គួរសម ដោយ​ជានិច្ចកាល​អ្នក​ទាំងពីរ​ថែមទាំង​ធ្លាប់​តែរូបភាព​បែបកៀក​កិត​តែ​ពីរ​នាក់ ​រួច​បង្ហោះ​ជា​សាធារណៈ​នៅ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀតផង។ តាមរយៈ​រូបភាព​ទាំងនោះ​ហើយ​ដែល​ធ្វើ​ឱ្យគេ​នឹក​សង្ស័យថា អ្នក​ទាំងពីរ​អាចមាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយគ្នា​រហូត​បណ្តាលឱ្យ​អតីត​ស្វាមី​របស់​នាង​ក្ដៅចិត្ត​នឹក​ប្រចណ្ឌ​រហូត​ឈានដល់​ការធ្វើឃាត​ដោយ​គ្រាប់កាំភ្លើង​តែ​ម្ដង​នោះ។ យ៉ាងណាក៏ដោយ តប​ទៅនឹង​ការចោទប្រកាន់​ខាងលើនេះ បញ្ញា សិទ្ធិ បានចេញ​មុខ​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា លោក​មិនបាន​ជាប់​ទាក់ទង​ទៅនឹង​រឿងនេះ​ទេ ហើយ​ដើមចម​បណ្តាលឱ្យ​កើតមាន​អំពើ​ឃាតកម្ម​នេះ លោក​ក៏​មិន​បានដឹង​នោះដែរ។

 

លោក បញ្ញា សិទ្ធិ បានបញ្ជាក់​ប្រាប់ថា “ខ្ញុំ​ទុក​គាត់​ដូចជា​ប្អូនបង្កើត​របស់ខ្ញុំ​ចឹ​ង។ ម៉ាក់​គាត់​ក៏​ស្គាល់​ខ្ញុំ​ច្បាស់​ដែរ រឿង​អី​យក​ខ្ញុំ​ទៅ​ពាក់ព័ន្ធ ហើយ​ថា​ខ្ញុំ​ហ្នឹង​ជ្រៀតជ្រែក​ស្នេហ៍​ជាមួយ​គាត់​រហូតដល់​ប្ដី​ប្រចណ្ឌ ហើយ​បាញ់សម្លាប់​បែបនេះ។គ្មានទេ​បងប្អូន សូមកុំ​យល់ច្រឡំ ខ្ញុំ​គ្មានអ្វី​ពាក់ព័ន្ធ​ជាមួយ​គាត់​ទេ”។ លោក​​បន្តថា “សូម​ពុក​ម៉ែ​បងប្អូន ក៏ដូចជា​ទស្សនិកជន​ទាំងអស់ ជាពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook គួរ​ពិចារណា​ឱ្យបាន​វែង​ឆ្ងាយ មុននឹង​វាយប្រហារ​ដល់​នរណាម្នាក់។ ការ​មិនដឹង​ពីមូលហេតុ ហើយ​ចេះតែ​វាយប្រហារ​គ្មាន​ការពិត ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​អ្នកដទៃ។ អ្វីដែល​សំខាន់​ជាង​នេះ គឺ​ប៉ះពាល់​ដល់​គ្រួសារ​សព​តែម្ដង។ ខ្ញុំ​ពិតជា​គ្មានអ្វី​ទាក់ទង​ជាមួយ​គាត់ (ស្រី​ឡៃ) លើសពី​មិត្តភាពនិង​បងប្អូន​នោះទេ ដែល​សូម្បីតែ​អ្នក​រួម​អាជីព​សិល្បៈ​ផ្សេងទៀត​ក៏មាន​ភាពស្និទ្ធស្នាល​ជាមួយ​គាត់​ដែរ (ស្រី​ឡៃ) ម៉េច​មិន​សង្ស័យ​ផង​ទៅ?”។ យ៉ាងណា​ក៏ដោយ ជា​ចុងក្រោយ​លោក បញ្ញាសិទ្ធិ ក៏បាន​បង្ហាញ​ពី​ការសោកស្តាយ​ចំពោះ​ការបាត់បង់​មិត្ត​រួម​អាជីព​ជាមួយគ្នា ហើយក៏​សុំចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សព​ផងដែរ៕

Advertisement