ឌុច លីដា ត្រូវផលិតករល្បីឈ្មោះព្រមានប្ដឹង

ខណៈដែលកេរ្តិ៍ឈ្មោះកំពុងតែមានភាពល្បីល្បាញខ្លាំងនៅក្នុងការសម្ដែងខ្សែភាពយន្តខ្នាតធំរហូតសាយភាយទៅដល់ក្រៅស្រុកថាជាតារាដែលកំពុង​ស្ថិតនៅលំដាប់កំពូលនោះ កញ្ញា ឌុចលីដាស្រាប់តែកាលពីពេលថ្មីៗនេះបានជួបនឹងបញ្ហារង្គោះរង្គើដ៏ធំមួយ ជាមួយផលិតករដ៏ល្បីឈ្មោះ ពាក់ព័ន្ធ​ទៅ​នឹងការមិនទទួលបានប្រាក់កម្រៃនៃការថតដូចការសន្យា រហូតធ្វើឱ្យតារាស្រីរូបនេះដាច់ចិត្តសរសេរសារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម រិះគន់​​សំដៅ​ទៅលើផលិតកររូបនោះថែមទៀតផង។ យ៉ាងណាក៏ដោយ នៅមិនយូរប៉ុន្មាន ជាការឆ្លើយតបទៅនឹងកំពូលតារាសម្ដែងមុខសិចស៊ីម្នាក់នេះ លោក គាំ ចន្ធី ដែលជាផលិតករពាក់ព័ន្ធនឹងរឿងនេះក៏បានចេញមុខនិយាយបញ្ជាក់ពីមូលហេតុ ជាមួយនឹងការលើកឡើងថា ឌុច លីដាជាតារា​ដែល​ពិបាក​ធ្វើ​ការ​ជាមួយ និងបង្កឱ្យផលិតកម្មរបស់លោកជួបផលលំបាកថែមទៀតផង។

លោក គាំ ចន្ធី បានប្រាប់បណ្តាញសារព័ត៌មានកាលពីពេលកន្លងទៅថា ឌុច លីដា បានកុងត្រាថតរឿងភាគឱ្យលោក ក្រោមចំណងជើងថា “ទូកបាត់ច្រវ៉ា” ដោយក្នុងពេលកុងត្រានាងបានសន្យាឱ្យថ្ងៃថតលើសពីមួយថ្ងៃក្នុងមួយសប្ដាហ៍ប៉ុន្តែភាគតិច ដែលនាងគោរពតាមពាក្យសន្យាក្នុងពេល​ដែល​នៅថ្ងៃខ្លះនាងមកយឺតយ៉ាវដល់ទៅមួយព្រឹកៗធ្វើឱ្យលោកខាត់បង់។ លោកបន្តថា ក្រោយទទួលនាងឱ្យសម្ដែងជាតួក្នុងរឿង “ទូកបាត់ច្រវ៉ា” លោកមាន​សម្ពាធ​យ៉ាងខ្លាំង ដោយសារតែនាងជាអ្នកធ្វើឱ្យយឺតយ៉ាវចំពោះ
ការផលិតរបស់លោក ខណៈដែលរឿង “ទូកបាត់ច្រវ៉ា” ត្រូវដាក់ផ្សាយលើ​កញ្ចក់​ទូរទស្សន៍ PNN តាំងពីថ្ងៃទី16 ខែកញ្ញា ប៉ុន្តែរហូតមកដល់ពេលនេះនៅថតមិនទាន់ចប់ ដោយសារតែ ឌុច លីដា មានថ្ងៃថតតិចពេក ហើយក្នុងពេល​មកថតម្ដងៗ​ក៏សុំ​សម្រាក ព្រោះតែជាប់ស្រវឹងពីយប់ និងជួនកាលគឺណាត់ម៉ោង6ព្រឹក មកថតម៉ោង8 ឬម៉ោង10ក៏មាន។

ផលិតកររូបនេះអះបានអាងថា រឿង “ទូកបាត់ច្រវ៉ា” ទើបតែថតបានជាង20ភាគប៉ុណ្ណោះ ក្នុងចំណោម30ភាគ ហើយលោកនឹងមាន​វិធានការ​ចំពោះ ឌុច លីដា ផងដែរ ប្រសិនបើក្រោយផ្ទុះរឿងចម្រូងចម្រាស់ ស្រាប់តែ​ ឌុច លីដាមិនព្រមមកថតបញ្ចប់រឿង ដូចការកំណត់ក្នុងកុងត្រា។ លោកនិយាយថា បើ​ឈាន​ដល់ដំណាក់កាលចាំបាច់ លោកនឹងសម្រេចកែប្រែខ្លឹមសារដោយតម្រូវឱ្យតួឯកស្រីស្លាប់កណ្ដាលទី ហើយដាក់ជំនួសតួអង្គមួយថ្មី ប៉ុន្តែបើឈាន​ដល់​ដំណាក់កាល​ត្រូវផ្លាស់ប្ដូរសាច់រឿងនោះមែន លោកក៏នឹងរៀបមេធាវីដាក់បណ្ដឹងប្តឹង ឌុច លីដា ឱ្យសងថ្លៃការផលិតរឿងរបស់លោកទាំងស្រុង តាំងពី​ការ​ចំណាយ​ផលិតពីដើមរឿងមកទល់នឹងពេលនាងបញ្ឈប់ការសម្ដែងនោះផងដែរ។ លោកបញ្ជាក់ដោយកំហឹងថា បើផលិតករនៅស្រុកខ្មែរមានតារាសម្ដែង
ដែល​មានអត្តចរិកដូច ឌុច លីដា ដែលលោកធ្លាប់ជួប គឺផលិតកម្មទាំងនោះនឹងបះជើងហើយ ដោយសារតែត្រូវខាតថ្ងៃ ខាតម៉ោង ផលិតឱ្យគេមិនទាន់ហើយ​ត្រូវ​គេឱ្យសងជាដើម៕

Advertisement